(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បាននិងកំពុងជួយអន្តរាគមន៍បូមទឹកបញ្ចូលទៅប្រឡាយមេ និងប្រឡាយជើងក្អែបដើម្បីឲ្យប្រជាពលរដ្ឋអាចបូមបន្តបញ្ចូលទៅក្នុងស្រែរបស់ខ្លួនដែលកំពុងរងផលប៉ះពាល់ ក្រោយមិនមានភ្លៀងធ្លាក់ជិតមួយខែមកនេះ។ ការជួយអន្តរាគមន៍នេះធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមការចុះត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង បានលើកឡើងថា នៅដើមខែសីហាកន្លងមកនេះ ខេត្តកំពង់ស្ពឺ បានរងការជន់លិចដោយជំនន់ទឹកភ្លៀង ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំមួយចំនួនបានរងការខូចខាត។ ការជន់លិចនេះទៀតសោតបានបង្ហាញថា ខេត្តកំពង់ស្ពឺ អាចនឹងមានទឹកគ្រប់គ្រាន់សម្រាប់ប្រជាកសិករធ្វើស្រែចំការ តែផ្ទុយទៅស្រូវស្រែរបស់ប្រជាពលរដ្ឋ នៅចំនួនពីរស្រុកគឺស្រុកគងពិសី និងស្រុកសំរោងទង ត្រូវរងផលប៉ះពាល់ដោយការខ្វះទឹកទៅវិញ។
លោក វ៉ី សំណាង បានបញ្ជាក់ថា បច្ចុប្បន្នស្រុកចំនួនពីរខាងលើ មានផ្ទៃដីស្រែប្រមាណជាង៥,០០០ហិកតា កំពុងទាមទារឲ្យមានការជួយសង្គ្រោះ ហើយក្នុងនោះផ្ទៃដីស្រែដែលរងផលប៉ះពាល់ច្រើនជាងគេ គឺក្នុងស្រុកគងពិសី ដែលមានចំនួនប្រមាណជិត៥,០០០ហិកតា។
អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ក្រោមការដឹកនាំផ្ទាល់របស់លោក ញ៉ាញ់ ជាបហ៊ង បានដាក់ម៉ាស៊ីនខ្នាតធំចំនួនពីរគ្រឿង ដើម្បីបូមទឹកចេញពីប្រឡាយមេទម្លាក់ទៅក្នុងប្រឡាយជើងក្អែប ដោយការបូមធ្វើឡើងពីរដំណាក់កាល។ ក្នុងនោះពលរដ្ឋម្ចាស់ស្រែបានដាក់ម៉ាស៊ីនដើម្បីបូមទម្លាក់ទៅក្នុងស្រែរៀងខ្លួន ចំនួន៥០គ្រឿងដែលប្រេងសម្រាប់ប្រើប្រាស់ក្នុងការបូមនេះ គឺឧបត្ថម្ភដោយមន្ទីរជំនាញ។
ជាមួយការដឹកនាំអន្តរាគមន៍បូមទឹកសង្គ្រោះនេះ អភិបាលខេត្តលោក វ៉ី សំណាង បានរំពឹងថា នឹងអាចសង្គ្រោះស្រូវចេញពីការខូចខាតបានក្នុងរយៈដ៏ខ្លីខាងមុខ ពីព្រោះខេត្តមានអាងទំនប់ស្តុកទឹកច្រើនកន្លែង ដែលមានសមត្ថភាពក្នុងការបង្ហូរទឹកទៅដល់ចំណុចរងគ្រោះ។ ជាមួយនោះក៏ទាមទារឲ្យម្ចាស់ស្រែដែលរងផលប៉ះពាល់ទាំងអស់ ជួយរាយការណ៍មកអាជ្ញាធរមូលដ្ឋាននៅជិត ដើម្បីឲ្យជំនាញមានលទ្ធភាពក្នុងការជួយសង្គ្រោះបានទាន់ពេលវេលា៕