(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សា​ធម្មនុញ្ញ និងភរិយា មានសេចក្តីក្រៀមក្រំក្រៃលែង ចំពោះមរណភាព​ឯកឧត្តម នុត ណារ៉ាង អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខ, ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម បានគូសរំលេចថា មរណភាពរបស់ឯកឧត្តម នុត ណារ៉ាង មិនត្រឹមជា​ការ​បាត់បង់នូវឧត្តមស្វាមី លោកឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរព​ស្រឡាញ់របស់ក្រុមគ្រួសារលោកជំទាវបុ៉ណ្ណោះេទ បុ៉ន្តែគឺជាការបាត់បង់ នូវបញ្ញវន្តខ្មែរមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ចូលរួម​លើក​ស្ទួយនិងអភិរក្សទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ដ៏ល្អរបស់ជាតិ នាពេលកន្លង​មក។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងភរិយា សូមចូលរួមរំលែកមរណទុក្ខជាមួយលោកជំទាវ នុត សូភី និង​ក្រុមគ្រួសារ និងបួងសួងសូមបដិសន្ធិវិញ្ញាណរបស់ឯកឧត្តម នុត ណារ៉ាង បានអញ្ជើញទៅកាន់សុគតិភព កុំបីប្រែជាប្រការដទៃឡើយ។

សូមជម្រាបថា ឯកឧត្តម នុត ណារ៉ាង អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩៖០០យប់ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ នៅប្រទេសបារាំង៕