(សៀមរាប)៖ លោក សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រី បុគ្គលិក អាជ្ញាធរជាតិអប្សរា សហការគ្នាជាមួយអភិបាលស្រុក មេឃុំ មេភូមិ បានចុះទៅផ្សព្វផ្សាយ ពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌ និងកិច្ចការងារផ្សេងៗមួយចំនួនទៀត ដល់ប្រជាពលរដ្ឋនៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោក សុខ លក្ខិណា បានឲ្យដឹងថា ក្រុមការងាររបស់លោកចុះមកផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងថ្ងៃនេះ គឺក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ យល់កាន់តែច្បាស់អំពីតួនាទីភារកិច្ច និងការងារ ដែលអាជ្ញាធរជាតិអប្សរាបាននឹងកំពុងខិតខំប្រឹងប្រែង ធ្វើដើម្បីថែរក្សាការពារ និងអភិរក្សបេតិកភណ្ឌ វប្បធម៌ ព្រមទាំងព្រៃឈើក្នុងតំបន់អង្គរ។ បន្ថែមពីនេះ លោកក៏បានលើកឡើង ពីការអនុញ្ញាតច្បាប់សាងសង់ផ្ទះ ជូនប្រជាពលរដ្ឋ និងការដាំដើមឈើឡើងវិញ នៅលើដីដែលបានកាប់ឆ្ការ ដើម្បីដោះមីនអស់៨ហិកតាផងដែរ។
ជាងនេះទៅទៀត លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ក៏បានលើកឡើង ពីអត្ថប្រយោជន៍ព្រៃឈើ ដើម្បីឲ្យប្រជាពលរដ្ឋជួយថែរក្សាព្រៃឈើ រួមមានព្រៃឈើជារបាំងជួយការពារខ្យល់បក់បោក ប៉ះពាល់ប្រាសាទ ព្រៃឈើជួយការពារទប់ការហូរច្រោះ មិនឲ្យត្រូវប្រាសាទខ្លាំងពេក ព្រៃឈើជួយរក្សាសំណើមប្រាសាទ និងព្រៃឈើជួយផ្តល់នូវសោភណភាពដ៏ស្រស់ស្អាត ដល់ប្រាសាទ ព្រមទាំងផ្តល់ម្លប់ត្រជាក់ត្រជុំ ដល់ស្រុកភូមិផង។
ជាចុងក្រោយ លោក ស៊ុន វិទូ អភិបាលរងស្រុកប្រាសាទបាគង បានថ្លែងថា លោកពិតជាសប្បាយរីករាយ ដែលចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងកម្មវិធីផ្សព្វផ្សាយនេះ ហើយលោកសូមអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរជាតិអប្សរា ដែលខិតខំអប់រំផ្សព្វផ្សាយ ពីច្បាប់ទម្លាប់ និងតួនាទីភារកិច្ច ក្នុងថែរក្សាការពារ ព្រមទាំងអភិរក្សនូវសម្បតិ្តបេតិកភណ្ឌវប្បធម៌ផង និងជួយដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដើម្បីលើកស្ទួយជីវភាព ពួកគាត់ឲ្យមានសេចក្តីសុខផង។
គួរបញ្ជាក់ថា នៅក្នុងការផ្សព្វផ្សាយនេះ ដើម្បីជួយសម្រួលការលំបាក និងជួយកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក្រុមការងារក៏បានសាងសង់ផ្ទះ ដល់មូលដ្ឋានផ្ទាល់ ជូនប្រជាពលរដ្ឋ៣គ្រួសារ ផងដែរ៕