(ភ្នំពេញ)៖ មានសេចក្ដីរាយការណ៍ថា ឡានដឹកទំនិញរបស់ក្រុមឈ្មួញថៃជាច្រើនគ្រឿង ចូលមកដឹកទំនិញ និងកសិផលរបស់ខ្មែរតាមតំបន់ច្រកទ្វារអូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយខ្លះផ្ទុកទំនិញរហូតដល់ជិត១០០តោន ខណៈច្បាស់កំណត់ចន្លោះពី៤០តោន ទៅ៥០តោនតែប៉ុណ្ណោះ។

ក្រោយទទួលបានសេចក្ដីរាយការណ៍នេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង អះអាងថា លោកបានចាត់ឲ្យមន្ដ្រីជំនាញ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះឃ្លាំមើល និងស្រាវជ្រាវករណីនេះ។ ក្នុងករណីរកឃើញល្មើសច្បាប់ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់។

លោក ព្រួញ រិទ្ធថា បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបងថា «ចំពោះករណីនេះលោកបានបញ្ជាឲ្យមន្ត្រីចុះឃ្លាំមើល ស្រាវជ្រាវរករថយន្តដឹកលើសទម្ងន់នេះ ដើម្បីផាកពិន័យតាមច្បាប់ជាកំណត់»។

ការដឹកទំនិញលើសទម្ងន់នេះ ជាកត្តានេះឲ្យប៉ះពាល់ដល់ផ្លូវជាតិយ៉ាងខ្លាំង និងអាចខូចយ៉ាងធ្ងន់ធ្ងរផងដែរ នៅពេលខាងមុខ បើគ្មានការបង្ក្រាប និងទប់ស្កាត់ទាន់ពេលវេលានោះទេ។ គេនៅចាំបានថា កាលពីពាក់កណ្តាលឆ្នាំ២០២២ មន្រ្តីជំនាញរបស់ក្រសួងសាធារណការ ក្រោមការដឹកនាំរបស់តំណាងអយ្យការ បានចុះទៅទប់ស្កាត់ និងបង្ក្រាបការដឹកទំនិញលើសទម្ងន់របស់ឡានថៃ រហូតមានការញុះញង់ប្រជាពលរដ្ឋឲ្យមានការតវ៉ាយ៉ាងខ្លាំង។

ករណីខាងលើនេះ គេសង្ឃឹមថា មន្រ្តីជំនាញរបស់ខេត្តបាត់ដំបង និងមន្រ្តីជំនាញរបស់ក្រសួង នឹងបន្តយុទ្ធនាការនេះម្តងទៀត ដើម្បីរក្សាផ្លូវរបស់រដ្ឋឲ្យបានគង់វង្ស និងរឹងមាំបានយូរអង្វែង៕