(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់មេទ័ពជើងគោករបស់ឥណ្ឌូនេស៊ីថា កងទ័ព គឹជាអ្នកការទូតសន្តិភាព។ ក្នុងន័យនេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យកងទ័ពកម្ពុជា និងឥណ្ឌូនេស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្តេចតេជោ បានគូសរំលេចបែបនេះ ក្នុងពេលអនុញ្ញាតឱ្យនាយឧត្តមសេនិយ៍ បណ្ឌិត ឌុឌុង អាប់ឌូរា ចាមែន (DUDUONG ABDURACHMAN)មេបញ្ជាការកងទ័ពជើងគោកឥណ្ឌូណេស៊ី ចូលជួបសំដែងការគួរសមនាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះនាយឧត្តមសេនិយ៍បណ្ឌិត ឌុឌុង អាប់ឌូរា ចាមែន បាន គោរពរាយការណ៍ជូនសម្ដេចតេជោ ហ៊ុន សែន អំពីលទ្ធផលនៃជំនួបជាមួយមេបញ្ជាការកងទ័ពជើងគោកស្ដីទី ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់។ លទ្ធផលនោះរួមមាន កិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមតាមរយៈការជំរុញឱ្យមានការផ្លាស់ប្ដូរបទពិសោធន៍កាន់តែខ្លាំងឡើងថែមទៀត និងការផ្លាស់ប្ដូរព័ត៌មានរវាងកងទ័ពទាំងពីរ ពិសេសការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្របត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និងលើកទឹកចិត្តឱ្យពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត៕