(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំវេទិកាធុរកិច្ចឆ្នាំ២០២៣ ដើម្បីជំរុញ និងទាក់ទាញការវិនិយោគនៅកម្ពុជា ពីបណ្តាវិនិយោគិនទាំងក្នុង និងក្រៅស្រុក។
វេទិការនេះមានការអញ្ជើញចូលរួមជាអធិបីពីលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសជាច្រើននាក់។
លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា វេទិកាធុរកិច្ចឆ្នាំ២០២៣ ដែលរៀបចំឡើងនៅពេលនេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ ចាំបាច់ និងរៀបចំទាន់ពេលវេលា ដើម្បីបង្ហាញនូវការខិតខំប្រឹងប្រែងនៃការអនុវត្តនូវអនុស្សារណៈដែលបានចុះហត្ថលេខារវាងសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងភាពជាដៃគូសម្រាប់ការជំរុញធុរកិច្ច និងការវិនិយោគនៅកម្ពុជា។
លោកបន្តថា សមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តផែនសកម្មភាពរបស់ខ្លូន ដើម្បីជំរុញការទាក់ទាញការវិនិយោគទាំងបរទេស និងក្នុងស្រុកបន្ថែម ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។
អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានថ្លែងថា គោលបំណងសំខាន់នៃការរៀបចំធុរកិច្ចកម្ពុជា ជាលើកដំបូងរបស់សមាគមឧកញ៉ាកម្ពុជានៅពេលនេះ គឺដើម្បីផ្តល់ជាព័ត៌មានអំពីសមាគមផង និងកសាងសហគមន៍ផងនិងកិច្ចពិភាក្សាជាមួយវាគ្មិនក្នុងវិស័យផ្សេងៗ ដើម្បីឱ្យអ្នកចូលរួម បានដឹងពីនិន្នការថ្មីៗក្នុងវិស័យទាំងនេះ ដើម្បីចងក្រងបណ្តាញជាមួយថ្នាក់ដឹកនាំវិស័យធុរកិច្ចដទៃទៀត។
អ្នកឧកញ៉ាបន្ថែមថា «យើងខ្ញុំក៏សង្ឃឹមផងដែរថាកិច្ចពិភាក្សាទាំងនេះ នឹងជួយផ្ដល់ជាមូលដ្ឋានសម្រាប់កសាងកិច្ចសហប្រតិបត្តិការរបស់យើងនៅក្នុងឆ្នាំនេះ ក៏ដូចជាសម្រាប់ការរៀបចំវេទិកាប្រចាំឆ្នាំជាបន្តបន្ទាប់ទៀត។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំពោះការប្តេជ្ញាចិត្តមិនខ្លាចនឿយហត់ក្នុងការអភិវឌ្ឍកម្ពុជា និងអរគុណចំពោះការគាំទ្រដល់ការរៀបចំវេទិកានេះឡើង»។
លោក សុខ ចិន្តាសោភា បានថ្លែងនូវក្តីសប្បាយរីករាយដែលអញ្ជើញចូលរួមក្នុងវេទិកាដ៏មានសារសំខាន់នេះ ហើយវេទិកាធុរកិច្ចនេះជាកម្មវិធីទី១ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា បានរួមគ្នាបង្កើតឡើង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា។
លោករដ្ឋមន្ត្រីបានថ្លែងនូវការអបអរសាទរដល់ សមាគមឧកញ៉ាកម្ពុជា ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្តល់ជូននៅបុព្វសិទ្ធក្នុងកិច្ចការវិនិយោគធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាល ដោយមានលក្ខណៈបច្ចេកទេស ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយនៅពេលមានដំណើរទស្សនកិច្ចទៅបរទេសក៏នឹងមានតំណាងរបស់សមាគមឧកញ៉ាកម្ពុជាត្រូវចូលរួមផងដែរ។
សូមជម្រាបថា វេទិកានេះមានការពិភាក្សាអំពីប្រធានបទផ្សេងៗ ដូចជាទេសចរណ៍ និងបដិសណ្ឋារកិច្ច កម្មន្តសាល កសិផលិតកម្ម ភស្តុភារកម្ម សំណង់ និងអចលទ្រព្យ ដែលមានវាគ្មិនជំនាញៗដូចជា៖ លោក ជា វុទ្ធី អគ្គលេខាធិការងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន World Bridge Group, ឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមហ៊ុន Tropicam Group, ឧកញ៉ា គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Chip Mong Group, ឧកញ៉ា វ៉ាន់ ឆាេស៍ជួន អភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុប, លោកស្រីឧកញ៉ា កែវ មុំ ស្ថាបនិកក្រុមហ៊ុននំស្រួយលីលី និងបណ្ឌិត ឆេង គីមឡុង អ្នកជំនាញសេដ្ឋកិច្ច៕