(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបប្រជុំទ្វេភាគីជាមួយនឹង នាយឧត្តមសេនីយ៍បណ្ឌិត ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ (DUDUNG ABDURACHMAN) មេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូណេស៊ី ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ជំនួបទេភាគីនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ។

ក្នុងជំនួបនេះ សមភាគីទាំងពីរបានបង្ហាញនូវមោទនភាពចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌូណេស៊ី រាប់ចាប់តាំងពីការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥៩ ក្រោយជំនួបរវាងអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងអតីតប្រធានាធិបតី ស៊ូកាណូ ក្នុងសន្និសិទចលនាអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធទីក្រុងបានឌុង ហើយមកដល់បច្ចុប្បន្នក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោក ចូកូ វីដូដូ ទំនាក់ទំនង កម្ពុជា-ឥណ្ឌូណេស៊ីបានពង្រឹង និងពង្រីកឥតឈបឈរលើគ្រប់វិស័យ។

ចំពោះកិច្ចសហប្រតិបត្តិការយោធា សមភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើនដែលសម្រេចបានកន្លងមកនៅក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្តល់ជំនួយឧបត្ថម្ភផ្នែកសម្ភារជាដើម និងព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់ចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ បន្តសហការរួមគ្នាបន្តអនុវត្តផែនការស្របតាមស្មារតី MOU និងកំណត់ហេតុនៃកិច្ចប្រជុំចាំឆ្នាំ Army to Army Talks ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរឹងមាំ និងប្រកបដោយទំនុកចិត្តរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។

ក្នុងន័យនេះ ភាគីទាំងពីរបានផ្តោតការពិភាក្សាលើទិសដៅសហប្រតិបត្តិការ និងការរៀបចំសកម្មភាពរួមគ្នាមួយចំនួន រួមមាន៖ ការហ្វឹកហ្វឺន, លំហាត់រួមគ្នាក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ, ការលោតឆត្រមិត្តភាព, ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព។

ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ ក៏បានថ្លែងនូវការកោតសរសើរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព រួមជាមួយជោគជ័យរបស់កម្ពុជា ទទួលបានទាំងក្នុងជាតិ និងលើឆាកអន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រិត្តិការណ៍ធំៗ ជាពិសេសលទ្ធផលដ៏ត្រចះត្រចង់នៃការបោះឆ្នោតសកល ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងមានតម្លាភាព ព្រមទាំងបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាមច្បាប់ជាធរមាន និងសូមចូលរួមអបអរសាទរជូនចំពោះឯកឧត្តមកិតិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី៤ របស់មេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូណេស៊ីនៅប្រទេសកម្ពុជា ដែលការណ៍នេះនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ៕