(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ (ម.ធ.ត.) នាព្រឹកថ្ងៃ សុក្រ ទី ១១ ខែ សីហា ឆ្នាំ ២០២៣នេះ បានរៀបចំ «ថ្ងៃបទបង្ហាញបញ្ច្រាស» នៃកម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី ៣ ដើម្បីបើកឱកាសឱ្យបណ្ដាសាជីវកម្ម និង ក្រុមហ៊ុនធំៗក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ចូលរួមប្រកួតក្នុងកម្មវិធីនេះ។
កម្មវិធីនេះបានរៀបចំឡើងក្រោមអធិបតីភាពលោកបណ្ឌិត តាំង ងួនលី នាយកនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និង មានការចូលរួមពីលោក Han Peng Kwang ហេរញ្ញិកនៃសមាគមធនាគារនៅកម្ពុជានិងជាអគ្គនាយកធនាគារវីង និង លោក ជា ស៊ុនសត្យា ប្រធានផ្នែកអភិវឌ្ឍន៍សហគ្រិនភាពនៃសហគ្រិនខ្មែរ តំណាងដៃគូពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដាក់ឱ្យដំណើរការជាផ្លូវការនៃកម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី ៣ និងបង្ហាញបញ្ហាប្រឈមនានាពីតួអង្គពាក់ព័ន្ធក្នុងវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ ទៅកាន់ធុរជន និង នវានុវត្តជន ដើម្បីជ្រើសរើសយកទៅដោះស្រាយ និងដាក់ពាក្យចូលរួមក្នុងកម្មវិធី។
កម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី ៣ ផ្ដោតសំខាន់លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដែលមានគោលបំណងបើកឱ្យបណ្ដាសាជីវកម្ម និង ក្រុមហ៊ុនធំៗក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុមានឱកាសចូលរួមផ្ដល់ជាទស្សនទាន តាមរយៈការធ្វើបទបង្ហាញពីចំណោទបញ្ហាដែលខ្លួនកំពុងជួបប្រទះក្នុងន័យ ដើម្បីស្វែងរកដំណោះស្រាយបែបនវានុវត្តន៍ពីសំណាក់នវានុវត្តជន និង ធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា។
កម្មវិធីនេះរៀបចំឡើងក្នុងរយៈពេល ២០ សប្ដាហ៍ ដោយបែងចែកជា ៥ ដំណាក់កាលធំៗរួមមាន៖ ១.ការដាក់បង្ហាញចំណោទបញ្ហា (Challenge Roadshow), ២. ថ្ងៃបទបង្ហាញបញ្ច្រាស (Reverse Pitch Day) ពីសំណាក់ស្ថាប័នធំៗ និងតួអង្គក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ៣. វគ្គជំរុំចាប់ផ្ដើម (Pre-RI Bootcamp), ៤. វគ្គនវានុវត្តន៍បញ្ច្រាស និង ៥. ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ (Forward Pitch Day)។
តាមរយៈកម្មវិធីនវានុវត្តន៍បញ្ច្រាសនេះ ធុរជន នវានុវត្តជន និងក្រុមហ៊ុនដែលត្រូវបានជ្រើសរើសឱ្យចូលរួមកម្មវិធីនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖ បុរេមូលនិធិបណ្ដុះអាជីវកម្ម, ការណែនាំផ្នែកបច្ចេកទេស, ប្រព័ន្ធធ្វើតេស្តការទូទាត់បែបឌីជីថល កន្លែងធ្វើការរួមគ្នា ឱកាសទទួលបានការគាំទ្រពីដៃគូនានា និងការប្រើប្រាស់បច្ចេកវិទ្យាក្លោដ AWS និង Huawei ដោយឥតគិតថ្លៃ។
សម្រាប់អ្នកចូលរួមដែលឆ្លងដល់វគ្គផ្ដាច់ព្រ័ត្រ នឹងមានឱកាសទទួលបានមូលនិធិជាទឹកប្រាក់ចំនួន៤០លានរៀល សម្រាប់ជ័យលាភីលេខ១, ៣០លានរៀល សម្រាប់ជ័យលាភីលេខ២, និង ២០លានរៀល សម្រាប់ជ័យលាភីលេខ៣ ។
ធុរជន និងនវានុវត្តជនដែលមានចំណាប់អារម្មណ៍ក្នុងការចុះឈ្មោះចូលរួមក្នុងកម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី ៣ អាចចូលរួមតាមគេហទំព័រ https://ri.techostartup.center ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៣។
កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី ៣ ត្រូវបានរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និងសហការរៀបចំកម្មវិធីដោយ សមាគមធនាគារនៅកម្ពុជា និង សហគ្រិនខ្មែរ៕