(ព្រះសីហនុ)៖​ ក្រសួងអប់រំ យុវជន និងកីឡា សហការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី១១​ ខែសីហា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីការបង្ការការប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិកគ្រឿងញៀនខុសច្បាប់ មេរោគអេដស៍ ជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតាមគ្រឹះស្ថានសិក្សានៅខេត្តព្រះសីហនុ​ ដែលមានអ្នកពាក់ព័ន្ធចូលរួមពីថ្នាក់ជាតិ​ និងក្រោមជាតិ​សរុប២២១នាក់។

លោកស្រី​ អ៊ុច​ សោភា​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និងកីឡា​ ខេត្តព្រះសីហនុ​ បានស្វាគមន៍និងរបាយការណ៍ពីការចូលរួមអនុវត្តនូវគោលនយោបាយជាតិស្តីពីសុខភាពសិក្សា​ដែលបានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០១៩មក។

លោក ឯម​ ភាព​ បានថ្លែងថា​ បញ្ហាគ្រឿងញៀន​ អេដស៍​ ចរាចរណ៍​ និងបារីអេឡិចត្រូនិក គឺជាបញ្ហាសុខភាពដែលផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋដែលយេីងទាំងអស់គ្នាខិតខំចូលរួមបង្ការទប់ស្កាត់​កុំឱ្យមានការរីករាលដាល។

លោក ហោ​ ប៊ុនឡេង​ អនុប្រធាន​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា​ បញ្ហាជំងឺអេដស៍នៅមិនទាន់ទៅណាចោលយេីងទេ​ បញ្ហានេះអាចត្រឡប់មកវិញបានពេលដែលយេីងធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន។

លោកស្រី​ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនូវការកោតសសេីរដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំពង្រឹងបាននូវគុណភាពសិក្សាដែលជាផ្នែកមួយជួយពង្រឹងបាននូវគុណភាពអប់រំនៅកម្ពុជា​ ហេីយគុណភាពអប់រំអាចរឹងមាំបានលុះត្រាតែសិស្សទាំងអស់មានសុខភាពល្អ។

ជាមួយគ្នានេះ​ លោកស្រី​ ឃុន​ រចនា​ បានមានសំណូមពរដល់អ្នកចូលរួមទាំងអស់ត្រូវបន្តចូលរួមយកចំណេះដឹងពីសិក្ខាសាលានេះទៅផ្សព្វផ្សាយដល់មិត្តភក្តិនិងមនុស្សជាទីស្រឡាញ់ ដេីម្បីបង្ការទប់ស្កាត់កុំឱ្យមានការប្រេីប្រាស់នូវផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក គ្រឿងញៀន​ បង្ការមេរោគអេដស៍ ជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍​៕