(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ២៨គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ១១គ្រឿង និងរថយន្ត ១៧គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៨២គ្រឿង ក្នុងនោះមានម៉ូតូ ២៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ៥០គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ អត់បណ្ណបើកបរ ល្មើសសញ្ញា ខ្សែក្រវាត់ អត់ស្លាកលេខ ទូរស័ព្ទ និងអាជីវកម្មជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១០លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៤នាក់ របួសចំនួន ១០នាក់ (របួសធ្ងន់ចំនួន ០៧នាក់)។ រយៈពេល ១១ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១១២លើក បណ្ដាលឱ្យមនុស្សស្លាប់ ៤៥នាក់ របួស ២០៣នាក់ (របួសធ្ងន់ ១០៩នាក់)៕