(កណ្តាល)៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានបង្ក្រាបបទល្មើសបានចំនួន១០លើក ស្មើនឹង៦៧ករណី និងបំផ្លាញសៃយឺនស្បៃមុងជិត២៥.០០០ម៉ែត្រ និងឧបករណ៍ល្មើសច្បាប់ជាច្រើនទៀត ក្នុងអំឡុងពេលរដូវបិទនេសាទ រហូតមកដល់បច្ចុប្បន្ននេះ ដែលជាប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ ដូចភ្លៀងរលឹម ក្នុងន័យការពារធនធានមច្ឆាជាតិ ដើម្បីបំពេញតម្រូវការដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរដូវបើកនេសាទ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល លោកវ៉ិត ធារិទ្ធ បានថ្លែងប្រាប់ឲ្យដឹងថា ដើម្បីបង្កើនធនធានជលផលឡើងវិញ គឺត្រូវតែចុះបង្ក្រាបបទល្មើសនានា ឲ្យមានប្រសិទ្ធភាព ពិសេសក្នុងរដូវបិទនេសាទនេះតែម្តង ហើយត្រូវតែអប់រំប្រជាពលរដ្ឋឲ្យយល់អំពីច្បាប់ និងរួមគ្នាអភិរក្ស ការពារព្រៃលិចទឹក ក៏ដូចជាតំបន់អភិរក្សមេពូជត្រីមួយចំនួនទៀត។
លោកបានបន្តថា ចាប់តាំងពីរដូវបិទនេសាទរហូតមកដល់ពេលនេះ កម្លាំងរបស់លោក បានបើកប្រតិបត្តិការបង្ក្រាប បទល្មើសនេសាទបានចំនួន១០លើក ក្នុងនោះរួមមាន ស្រុកពញាឮ២លើក ស្រុកលើកដែក៥លើក ស្រុកល្វាឯម២លើក និងស្រុកកោះធំ១លើក សរុបស្មើហ្នឹង៦៧ករណី។ ក្នុងនោះបានដុតកំទេចចោល ឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន សៃយ៉ឺនស្បៃមុងចំនួន៤៥៥មាត់លូ, របាំងព្រួលស្បៃមុងប្រវែង២២,២៥៥ម៉ែត្រ បង្គោលចំនួន១១,១២ ២ម៉ែត្រ, គនចំនួន២ខ្សែ សម្រាស់ចំនួន៥៨ដុំ ស្មើហ្នឹង១៤,៩២៧ម៉ែត្រការ៉េ, អួនអូសប្រវែង ១០ម៉ែត្រស្មើនឹង៣វង់, លបឫស្សីចំនួន២៤, មងប្រវែង១៩,០៥០ម៉ែត្រ អាំងវែរទ័រចំនួន១០គ្រឿង, ដងឆក់ចំនួន៨គូរ, អាគុយចំនួន៨គ្រឿង, របាំងកាត់ទទឹងព្រែក៥កន្លែង ព្រួលលបឫស្សីប្រវែង ៦៤៤ម៉ែត្រ អញ្ចងចំនួន២វង់, មង៣ជាន់ប្រវែង៧០០ម៉ែត្រ និងលែងកូនត្រីឆ្ពោចំនួន៥៨,៧០ ០ក្បាល។ ព្រមទាំងឃាត់ទុកបណ្តោះអាសន្ន នូវទូកស្មាច់ចំនួន១គ្រឿង,ទូកឆក់ត្រីចំនួន២គ្រឿង, ម៉ាស៊ីនហុងដា៦សេស១គ្រឿង, សំណាញ់ចំនួន៦វង់, អួនប្រយុងចំនួន១វង់, អាំងវែរទ័រ២គ្រឿង និងដងឆក់ចំនួន២គូរ ផងដែរ។
លោក វ៉ិត ធារិទ្ធ ក៏បានសង្កត់ធ្ងន់ថា ប្រសិនបើយើងធ្វើការប្រៀបធៀប ត្រឹមឆមាសទី១ កាលពីឆ្នាំ២០១៥ និង២០១៦នេះ បទល្មើសមានការថយចុះ ចំនួន៧៩ករណី ហើយ ផលនេសាទដែលទទួលបានកន្លងមក គឺទទួលបាន៩៧៦,៤៥៧តោន។ ប្រសិនបើយើងបង្ការ និងទប់ស្កាត់ឲ្យបាននោះ ទិន្ធផលត្រីនៅឆ្នាំ២០១៦នេះ នឹងមានការកើនឡើងបន្ថែមទៀតជាក់ជាមិនខាន។
លោកក៏បានសំណូមពរ ទៅដល់ប្រជាពលរដ្ឋផងដែរថា មេត្តាបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ មានដូចជាសៃយឺន ស្បៃមុង របាំងព្រួល ឆក់ និងឧបករណ៍ជាច្រើនទៀត ដែលច្បាប់ហាមឃាត់ ជាពិសេសនៅរដូវត្រីពងកូន ដែលជារដូវបិទនេសាទនេះ។ បងប្អួនត្រូវដឹងថា កូនត្រីតូចៗដែលបងប្អូនដាក់សៃយ៉ឺន១គីឡូក្រាម ប្រសិនបើទុកវាឲ្យធំ ត្រឹមតែបីខែប៉ុណ្ណោះ វានឹងអាចកើនឡើងរហូតដល់១តោន និងត្រូវយល់ថា ការដែលបងប្អូនប្រើប្រាស់ឧបករណ៍ល្មើស និងបំផ្លាញព្រៃលិចទឹក ដែលជាជម្រកត្រីពងកូននោះ មិនត្រឹមតែមានទោសនោះទេ គឺមានន័យថា បងប្អូនកំពុងតែបំផ្លាញខ្លួនឯង ដោយមិនដឹងខ្លួន ផងដែរ៕