(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការអុកស្វាមប្រចាំនៅកម្ពុជា បានផលិតនូវ «វីដេអូស្តីពីអាជីវកម្មបរិយាប័ន្ននៅកម្ពុជា» ដើម្បីលើកកម្ពស់ការយល់ដឹង អំពីគំរូអាជីវកម្មបរិយាប័ន្ន និងគុណតម្លៃនៃអាជីវកម្មបរិយាប័ន្ន ដែលបង្កើតនូវដំណោះស្រាយ «ឈ្នះ-ឈ្នះ»។ ទី១ ឈ្នះសម្រាប់ប្រជាជនក្រីក្រ ដោយទទួលបាននូវផលិតផល និងសេវាកម្មពាក់ព័ន្ធចាំបាច់ក្នុងតម្លៃសមរម្យ និងការលើកកម្ពស់ជីវភាព តាមរយៈការទទួលប្រាក់ចំណូលពីអាជីវកម្មបរិយាប័ន្ន, ទី២ ឈ្នះសម្រាប់ម្ចាស់អាជីវកម្ម ដោយបង្កើតនូវផលវិជ្ជមានដល់សង្គម ស្របពេលជាមួយគ្នានោះរក្សាបាន នូវផលចំណេញតាមរយៈនវានុវត្តន៍អាជីវកម្ម និងទី៣ ឈ្នះសម្រាប់ជាតិ ដោយចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងទទួលបាននូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។
រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ ចំពោះការលើកកម្ពស់អាជីវកម្មបរិយាប័ន្ននៅកម្ពុជា ដោយបានបង្កើតក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន ដែលដឹកនាំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានសមាសភាពអន្តរក្រសួងស្ថាប័ន និងសមាគមធុរកិច្ច ចូលរួម កាលពីខែសីហា ឆ្នាំ២០២២។
ក្រុមហ៊ុនចំនួន១៨ ដែលបានវាយតម្លៃទទួលស្គាល់ជាផ្លូវការ ជាអាជីវកម្មបរិយាប័ន្ន ត្រូវបានប៉ាន់ស្មានថានឹងទទួលបានប្រាក់ចំណូលសរុប ២៦៧,៤លានដុល្លារអាមេរិក និងមានភាពពាក់ព័ន្ធនឹងប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប នៅបាតនៃពីរ៉ាមីត រហូតដល់ ១.៦លាននាក់ ក្នុងឆ្នាំ២០២៣។ ជាពិសេស ក្រុមហ៊ុនទាំងនោះបានបង្ហាញនូវភាពធន់ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ ដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចសកល។ ក្រុមហ៊ុនទាំងនោះស្ថិតនៅក្នុងវិស័យផ្សេងៗគ្នាដូចជា កសិកម្ម កសិឧស្សាហកម្ម ថាមពល បច្ចេកវិទ្យាហិរញ្ញវត្ថុ ធានារ៉ាប់រ៉ង អភិវឌ្ឍន៍អចលនទ្រព្យ និងវិស័យផ្សេងៗទៀតដែលកំពុងសិក្សា។
ក្នុងក្របខ័ណ្ឌជាតិ ការលើកកម្ពស់អាជីវកម្មបរិយាប័ន្ន ស្របទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដែលមានគោលបំណងជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ជាពិសេសជំរុញកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ កាត់បន្ថយគម្លាតនៃចំណូល ក្នុងចំណោមប្រជាជនស្ថិតក្នុងកម្រិតទាប។ អាជីវកម្មបរិយាប័ន្នក៏បានចូលរួមចំណែក ក្នុងការជំរុញការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។
ក្នុងក្របខ័ណ្ឌអាស៊ាន អាជីវកម្មបរិយាប័ន្នបានចាប់ផ្តើមចេញ ជារូបរាងជាផ្លូវការក្នុងឆ្នាំ២០១៧ នៅពេលដែលមេដឹកនាំប្រទេសសមាជិកអាស៊ាន បានរួមគ្នាបញ្ជាក់អំពីការយកចិត្តទុកដាក់ ទៅលើការបង្កើតបរិយាកាសអំណាយផលសម្រាប់អាជីវកម្មបរិយាប័ន្ន។ ក្នុងខែកញ្ញា ឆ្នាំ២០២០ អាស៊ានក៏បានដាក់ចេញនូវ គោលការណ៍ណែនាំសម្រាប់ការលើកកម្ពស់ អាជីវកម្មបរិយាប័ន្នក្នុងអាស៊ាន (Guidelines for the Promotion of Inclusive Business in ASEAN)។ លើសពីនេះ ប្រធានបទអាជីវកម្មបរិយាប័ន្ន ក៏ត្រូវបានបន្តដាក់ចូលក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានផងដែរ។
អង្គការអុកស្វាម បាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយតួអង្គមកពីវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីលើកកម្ពស់គំរូអាជីវកម្មបរិយាប័ន្ន ដោយផ្តោតការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ និងបង្កើតបរិយាកាសអំណោយផលដល់អាជីវកម្ម ឬផលិតករខ្នាតតូច ដើម្បីឲ្យពួកគេមានភាពធន់ទប់ទល់ទៅនឹងបញ្ហា នៃការប្រែប្រួលអាកាសធាតុបានកាន់តែប្រសើរ។ កិច្ចគាំទ្រទាំងនេះជាការរួមចំណែកមួយ ដោយស្របទៅនឹងទស្សនៈវិស័យ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការរីកលូតលាស់ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។
សូមចូលរួមទស្សនាទាំងអស់គ្នា ដើម្បីស្វែងយល់បន្ថែមថា «តើអ្វីទៅជាអាជីវកម្មបរិយាប័ន្ន?»!