(ភ្នំពេញ)៖ អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនជឿជាក់ថា ដំណើរទស្សនកិច្ចរបសប្រមុខការទូតចិននៅកម្ពុជានៅចុងសប្តាហ៍នេះ នឹងបន្តពង្រឹងកិច្ចសហប្របិត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ស្របពេលដែលប្រទេសកម្ពុជា នឹងបង្កើតរាជរដ្ឋាភិបាលថ្មីនីតិកាលទី៧នៅពេលដ៏ខ្លីខាងមុខនេះ។

តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណា ចក្រកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣។

លោកបណ្ឌិតជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិននេះ គឺជាការពង្រឹងកិច្ចសហប្រតិប្រតិបត្តិការទ្វេភាគី ហើយក៏សម្របពេលដែល ឆ្នាំនេះជាខួប៦៥ឆ្នាំនៃចំណងការទូតកម្ពុជា-ចិនផងដែរ។

លោកនិយាយថា៖ «ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិននៅប្រទេសកម្ពុជា ក្នុងនាមជាសង្គមស៊ីវិលមួយនៃប្រទេសកម្ពុជា ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងចូលរួម៖ ១-ពង្រឹងទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជានិងចិន ដើម្បីចូលរួមអបអរសាទរ៦៥ឆ្នាំ នៃចំណងការទូតកម្ពុជា-ចិន ២-ពន្លាតទំនាក់ទំនងកម្ពុជា-ចិនក្នុងពេលដែលប្រទេសកម្ពុជាត្រៀមបង្កើត រាជរដ្ឋាភិបាលនីតិកាលទី៧ ៣-ពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន ដែលជាពិសេសបង្កើនបរិមាណកសិផលិតផលកម្ពុជា ទៅកាន់ទីផ្សាររបស់ប្រទេសចិន។ ៤-បង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន ដោយបង្កើនបរិមាណចំនួននិស្សិត ទៅបន្តការសិក្សានៅប្រទេសចិន»

ប្រើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា គឺក្នុងអំឡុងពេលទស្សនកិច្ចនេះឯឧត្តម វ៉ាង យី នឹងចូលក្រាប បង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសំដែងការគួរសមដាច់ដោយឡែក ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិភាក្សានឹងផ្តោតលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹង កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួម។

ឯកឧត្តម វ៉ាង យី នឹងមានជំនួបដាច់ដោយឡែកជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខា ធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ជំនួបនឹងគ្របដណ្ដប់លើទិដ្ឋភាពចម្រុះនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដែលជាផលប្រយោជន៍ទៅវិញ ទៅមកនៃប្រទេសទាំងពីរ។ ប្រើតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចនាពេលខាង មុខនេះ ប្រព្រឹត្តទៅ ស្របពេលជា មួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជានិងចិន។ ដំណើរទស្សនកិច្ចនេះ នឹងរួម ចំណែកបន្ថែមទៀតក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញ ទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕

អត្ថបទ៖វិទ្យុមិត្តភាពកម្ពុជាចិន