(កំពង់ធំ)៖ ក្រុមគ្រូពេទ្យ នៃសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ចុះជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។
លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ ក្នុងឱកាសចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ ដែលចាប់ផ្ដើមបេសកកម្មរបស់ខ្លួន បានឲ្យដឹងថា សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានមុខព្យាបាល ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ រយៈពេល ៣ថ្ងៃ ដោយមានការសម្របសម្រួល និងយកចិត្តទុកដាក់ពីលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋសភា។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានក្រើនរំលឹក និងជំរុញឲ្យគ្រូពេទ្យកម្ពុជា ចូលរួមសហការជាមួយសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ឲ្យបានម្មត់ចត់ យកចិត្តទុកដាក់ រក្សាសុវត្ថិភាពជូនពួកគាត់ឲ្យបានល្អប្រសើរ។
លោកអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទីក្នុងខេត្តកំពង់ធំ សូមអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ឲ្យបានគ្រប់ៗគ្នា ព្រោះក្រុមគ្រូពេទ្យខាងលើមិនងាយបានមកព្យាបាលជូនដល់ប្រជាពលរដ្ឋកម្ពុជាឡើយ ហើយនេះគឺជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា ដើម្បីមកពិនិត្យ និងទទួលការព្យាបាលដោយគិតថ្លៃ៕