(ភ្នំពេញ)៖ លោកវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន បានថ្លែងបញ្ជាក់ថា បញ្ហាសុខភាពការងារ មិនមែនជាកម្មសិទ្ធរបស់យើងផ្តាច់មុខទេ គឺជាប់ពាក់ព័ន្ធនឹងសាច់ញាតិ និងអ្នកនៅជុំវិញខ្លួន ហើយគ្រប់និយោជកត្រូវមានកាតព្វកិច្ចថែទាំសុខភាពកម្មករនិយោជិតរបស់ខ្លួន ដើម្បីសុខដុមនីយកម្មនៅកន្លែងធ្វើការ និងផលិតភាពកើនឡើងទាំងនិយោជក និងនិយោជិតរីកចម្រើនទៅមុខទាំងអស់គ្នា ហើយសេដ្ឋកិច្ចជាតិនឹងរីកចម្រើនមានការអភិវឌ្ឍទៅមុខបានឆាប់រហ័ស។
លោកវេជ្ជ. ហ៊ុយ ហានសុង បានលើកឡើងយ៉ាងដូចនេះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលលោកតំណាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការពង្រឹងនៃការអនុវត្តប្រកាសលេខ ០៨៦ ប្រកាសលេខ ១៩៤ និងសេចក្តីណែនាំលេខ ០០៨ នៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទៅដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតផ្នែកសេវាកម្សាន្ត នៅខេត្តបន្ទាយមានជ័យ។
លោកវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការ បានបន្ថែមទៀតថា គណៈកម្មាធិការមានក្រុមគោលដៅគ្របដណ្តប់លេីកំលាំងពលកម្មគ្រប់ទីកន្លែងប្រហាណ ៦លាននាក់សម្រាប់ជួយទ្រទ្រងសេដ្ឋកិច្ច ដែលក្នុងនោះកំលាំងពលកម្មក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធមានជាង៣លាន និងក្រៅប្រព័ន្ធចំនួនជាង២លាននាក់ ហេីយមានសិទ្ធទទួលបានអត្ថប្រយោជន៍ដូចមានចែងក្នុងច្បាប់ស្តីពីការងារផងដែរ។
នាឱកាសនោះលោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តខេត្តបន្ទាយមានជ័យ បានស្វាគមន៍នឹងបានជម្រាបជូនពីកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍ តាមការចង្អុលបង្ហាញតាមប្រកាស និងសេចក្តីណែនាំទាំង៣ ហេីយមានសហគ្រាស គ្រឹះស្ថានផ្នែកសេវាកម្សាន្តចំនួន៥១ ក្នុងចំណោម៧០ដែលបានចូលរួមអនុវត្ត។
ថ្លែងក្នុងនាមនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួង ខេត្តបន្ទាយមានជ័យនៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អប្រសេីរ និងសូមបន្តចូលរួមសកម្មភាពផ្សព្វផ្សាយពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន អេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ដេីម្បីឱ្យកំលាំងពលកម្មយេីងមានសុខភាពល្អ៕