(សៀមរាប)៖ ក្រៅពីការងារអភិរក្ស រៀបចំ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់អង្គរ ប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារសហគមន៍ បានចុះសួរសុខទុក្ខ អប់រំ ស្តាប់សំណូមពរ ផលលំបាក និងជួយដោះស្រាយបញ្ហាជូនបងប្អូនប្រជាជន ដោយផ្ទាល់ដល់មូលដ្ឋាន។ ការងារស្នូលរបស់ក្រុមការងារសហគមន៍ គឺចុះផ្សព្វផ្សាយអំពីភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា និងអប់រំបេតិកភណ្ឌដល់ប្រជាជនក្នុងតំបន់អង្គរ ឱ្យបានយល់ច្បាស់ពីតម្លៃ នៃមរតកវប្បធម៌ដូនតារបស់ខ្លួន មានតាំងពីប្រាង្គប្រាសាទ ទំនៀមទម្លាប់ ការរស់នៅ ការគោរពបូជានូវជំនឿផ្សេងៗដែលធ្វើជាប្រចាំថ្ងៃតពីដូនតាមក។
យោងតាមរបាយការណ៍រយៈ៦ខែ នៃឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចុះទៅផ្សព្វផ្សាយ និងសួរសុខទុក្ខប្រជាជនក្នុងតំបន់អង្គរបានចំនួន១៩ភូមិ ដែលមានប្រជាជនចូលរួម១១៣៤នាក់។ ក្រៅពីនោះ អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុញ្ញាតឱ្យប្រជាជន តាមការស្នើរសុំដើម្បីសាងសង់ និងជួសជុលសំណង់តូចតាច ដែលចាំបាច់ក្នុងការរស់នៅបាន១៧៤ករណី ដោយមិនបាច់ធ្វើលិខិតស្នាម សុំបែបបទសាងសង់ ឬជួសជុលមកទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ ជាមួយគ្នានោះ កាលពីរដូវប្រាំងក្តៅហួតហែងខ្លាំង បណ្តាលឱ្យតំបន់មួយចំនួន ក្នុងរមណីយដ្ឋានអង្គរ ទទួលរងនូវភាពរាំងស្ងួត និងគ្មានទឹកប្រើប្រាស់ អាជ្ញាធរជាតិអប្សរា ក៏បានចែកទឹកជូនប្រជាជននៅសង្កាត់ទឹកវិល៥លើក ស្មើនឹង៣៥០០០លីត្រ។
បន្ថែមលើការងារសង្គម អាជ្ញាធរជាតិអប្សរា ក៏បាននាំយកនូវថវិកា៨០ម៉ឺនរៀល ទៅចូលរួមកម្មវិធីបុណ្យឆ្លងចេត្រ ដែលជាទំនៀមរបស់អ្នកស្រុកអង្គរផងដែរ ដើម្បីចូលរួម និងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការរក្សានូវទំនៀមទម្លាប់ ដ៏ល្អផូរផង់ពីបុរាណ រហូតដល់បច្ចុប្បន្ន។ ក្នុងនេះដែរ ក្រុមការងារសហគមន៍ របស់អាជ្ញាធរជាតិអប្សរា ក៏បាននាំយកកញ្ចប់ គាំពារសុខុមាលភាពមាតា និងទារក ដែលជាអំណោយផ្ទាល់ របស់បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងលោកស្រី មកចែកជូនដល់ស្ត្រីដែលទើបនឹងសម្រាលកូន នៅក្នុងតំបន់អង្គរ បាន៨៥៥នាក់ ស្មើនឹង៨៥៥កញ្ចប់ និងថវិកាសរុប១៧,១០០,០០០រៀល។
ក្រៅពីនេះ ក្រុមការងារបានយកអំណោយរបស់ លោកប្រធានអាជ្ញាធរជាតិអប្សរា និងលោកស្រី ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ក្នុងតំបន់អង្គរដោយសារភ្លើងឆេះផ្ទះ គ្រួសាររងគ្រោះ ដោយសារខ្យល់កន្រ្តាក់សរុប៥គ្រួសារ និងជនរងគ្រោះម្នាក់ដោយសាររន្ទះបាញ់៤០ម៉ឺនរៀល និងយកស័ង្កសី២០សន្លឹក ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ប្រក់ដំបូលផ្ទះបាយ នៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។
ស្តែងចេញពីសកម្មភាពទាំងនេះ អាជ្ញាធរជាតិអប្សរាតែងតែ នៅក្បែរ និងយកចិត្តទុកដាក់គ្រប់បញ្ហាចំពោះប្រជាពលរដ្ឋ ទាំងសុខទុក្ខ ជីវភាពរស់នៅ សុខភាព ការសាងសង់ និងការអប់រំ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងតំបន់អង្គរ មានសេដ្ឋកិច្ចល្អប្រសើរ ចំណេះដឹងទូលំទូលាយ និងមានភាពសុខសាន្តក្នុងសង្គមគ្រួសារ៕