(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្ញើសាររំលែកទុក្ខជូនលោកស្រី នុត សូភី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក នុត ណារ៉ាង អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានទទួលមរណភាព នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយរោគាពាធ។

ក្នុងលិខិតរំលែកទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា មានសេចក្តីសោកស្ដាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថាឯកឧត្តម នុត ណារ៉ាង អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩:០០យប់ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ នៅប្រទេសបារាំង។

មរណភាពរបស់ឯកឧត្តម នុត ណារ៉ាង គឺជាការបាត់បង់កុលបុត្រខ្មែរមួយរូប បានយក អស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតី ចូលរួមអភិរក្ស អភិវឌ្ឍន៍វិស័យវប្បធម៌ អរិយធម៌ ដ៏រុងរឿងរបស់កម្ពុជា។

ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ស្វាមី ឪពុក ជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។ ទោះបីរូបកាយរបស់ឯកឧត្តម បានបាត់បង់ទៅមែនពិត ប៉ុន្តែកិត្តិយស សេចក្ដីថ្លៃថ្នូរ ភាពអំណត់ តស៊ូនឹងនៅស្ថិតស្ថេរក្នុងចិត្ដកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

សូមវត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចែករំលែកទុក្ខដោយក្តីក្រៀមក្រំពីខ្ញុំ និងភរិយា»៕