(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់បណ្ណសរសើរ និងប្រាក់រង្វាន់ជយលាភីដល់សិស្សពូកែទូទាំងប្រទេស និងសិស្សពូកែថ្នាក់ខេត្ត ឆ្នាំ២០២៣។

លោកស្រី មាស ភិរុណ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានបញ្ជូនសិស្សពូកែថ្នាក់ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និងថ្នាក់ទី១២ សរុបចំនួន៣៣នាក់ ស្រី១៦នាក់ ចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេស នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យនេតយ៉ង់ ដែលមានបេក្ខជនមកពីគ្រប់រាជធានី-ខេត្ត ចំនួន ៤៨០នាក់ ស្រី២៦៤នាក់។

ជាលទ្ធផលខេត្តបាត់ដំបង ដណ្ដើមបានជយលាភីសរុបចំនួន៤នាក់ ក្នុងនោះស្រី ១នាក់រួមមានទី១៖ ឈ្មោះ សុន បូរី នរិន្ទ ភេទប្រុស មកពីវិទ្យាល័យនេតយ៉ង់ មេដាយមាស ផ្នែកគណិតវិទ្យា ថ្នាក់ទី៩, ទី២៖ ឈ្មោះ នី លីហួរ ភេទប្រុស មកពីសាលាអន្តរជាតិ យូអេសអេ មេដាយសំរិទ្ធ ផ្នែកគណិតវិទ្យាថ្នាក់ទី៩, ទី៣៖ ឈ្មោះ ម៉េង សុខឡុង ភេទប្រុស មកពីវិទ្យាល័យនេតយ៉ង់ ចំណាត់ថ្នាក់លេខ៦ ផ្នែកគណិតវិទ្យាថ្នាក់ទី៩ និងទី៤៖ ឈ្មោះ ខាំ ឃុនសារ៉ាវត្ថី ភេទស្រី មកពីសាលាអន្តរជាតិយូអេសអេ ចំណាត់ថ្នាក់លេខ៩ ផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី៩។

នាឱកាសនោះដែរ លោកអភិបាលខេត្តបាត់ដំបង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មាតា បិតា ដែលខិងខំបញ្ជូនកុលបុត្រកុលធីតា មកសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីបង្កើតជាធនធានមនុស្សដ៏សំខាន់ សម្រាប់ប្រទេសជាតិ ។ ក្នុងនោះលោកក៏បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូដែលខិតខំបង្ហាត់បង្ហាញដល់សិស្សានុសិស្សឱ្យមានចំណេះដឹងពេញលេញ និងមានសមត្ថភាពក្នុងការប្រឡងប្រជែងបាន ដោយក្នុងនោះមិនត្រឹមតែការកើតឡើងពីលោកគ្រូ អ្នកគ្រូ តែម្នាក់ទេ តែជាកើតឡើងតាមរយៈការខិតខំប្រឹងប្រែងពីសិស្សានុសិស្សដោយខ្លួនឯង ដើម្បីជំរុញខ្លួនឯងឱ្យកាន់តែមានចំណេះដឹង និងសមត្ថភាពជាងមុនផងដែរ។

លោក សុខ លូ បានណែនាំ ដល់គ្រឹះស្ថានសិក្សាទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជនត្រូវលុបបំបាត់ការលក់ចំណីអាហារគ្មានគុណភាព ដែលនាំឱ្យខូចសុខភាពសិស្សានុសិស្សទាំងនៅទីប្រជុំជន និងជនបទ។

លោកបានបញ្ជាក់ថា ចំណីអាហារគឺពិតជាមានសារៈសំខាន់ណាស់ដែលត្រូវលុបបំបាត់ឱ្យបាននូវចំណីអាហារ ដែលគ្មានគុណភាព ហួសសុពលភាពនៃការប្រើប្រាស់ គ្មានកាលបរិឆ្ឆេទប្រើប្រាស់ និងគ្មានស្លាកសញ្ញាពិតប្រាកដ ព្រោះវាបានបង្កនូវផលប៉ះពាល់ដល់សុខភាពសាធារណៈពិសេសសិស្សានុសិស្ស ហើយត្រូវទាមទារពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ តាមគ្រឹះស្ថាននានាចូលរួមទាំងអស់គ្នាដើម្បីលុបបំបាត់បញ្ហាទាំងនេះឱ្យបាន៕