(ភ្នំពេញ)៖ លោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នាព្រឹកថ្ងែទី០៤ ខែសីហា ឆ្នាំ២០១៦ បានធ្វើបទបាឋកថាមួយ បង្ហាញពីតួនាទីរបស់យុវជនក្នុងកិច្ចការនយោបាយជូននិស្សិត-សិក្ខាកាមនៅបណ្ឌិត្យសភានគរបាលកម្ពុជា។
នាយឧត្ដមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងអំណរគុណ និងសម្ដែងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក ស សុខា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញជាវាគ្មិនកិត្តិយសផ្តល់ចំណេះដឹងដល់និស្សិត និងសិក្ខាកាមនៅបណ្ឌិត្យសភានគរបាលកម្ពុជា។
លោក សេង ផល្លី បានគូសបញ្ជាក់ថា យុវជន ជាសសរទ្រូង នៃប្រទេសជាតិ ជាទំពាំងស្នងឬស្សី ដែលនឹងមកជំនួសគ្រប់កិច្ចការប្រទេសជាតិទាំងអស់ ក្នុងពេលអនាគត ទាំងការងារដឹកនាំគ្រប់គ្រងកិច្ចការនយោបាយ សេដ្ឋកិច្ច ការទូត បច្ចេកទេសវិទ្យាសាស្រ្ត និងកិច្ចការផ្សេងៗទៀតជាច្រើន។
ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថា បាឋកថា របស់លោក ស សុខា ពិតជាមានសារៈសំខាន់ណាស់ សម្រាប់បណ្ឌិត្យសភានគរបាលកម្ពុជា ជាពិសេសសម្រាប់ដឹកនាំមន្រ្តី គ្រូនគរបាលជាតិ និស្សិត-សិក្ខាកាមវ័យក្មេង ដែលជាយុវជន ទទួលបាននូវបទពិសោធន៍ល្អៗ និង ចំណេះដឹងពីខ្លឹមសារនៃបទបាឋកថានេះ ធ្វើជាមូលដ្ឋានចំណេះដឹងក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិបានល្អ ទាំងក្នុងពេលបច្ចុប្បន្ន និង អនាគត។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ឯក ឯក មនោសែន បានធ្វើរបាយការណ៍សង្ខេបជូនវាគ្មិនកិត្តិយស អំពីដំណើរការបណ្ដុះបណ្ដាល និងកម្មវិធីកំណែទម្រង់នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលឱ្យឆ្លើយតបនឹងតម្រូវការរបស់អង្គភាព ប្រើប្រាស់កងកម្លាំងនគរបាល និងមន្ត្រីពន្ធនាគារស្របតាមបរិបទ នៃសកលភាវូបនីយកម្ម និងធានាបាននៅភាពម្ចាស់ការលើការងារបណ្ដុះបណ្ដាល។
លោកបានគូសបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបានរៀបចំឡើងស្របតាមកម្មវិធី កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងស្របតាមផែនការរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាល ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕