(រតនគិរី)៖ នៅព្រឹកព្រលឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងដំណើរមកបំពេញបេសកម្មនៅក្នុងទឹកដីនៃខេត្តរតនគិរី លោក ផាទ្រីក មឺហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចូលរួមរត់ម៉ារ៉ាតុន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកកាន់ខេត្តភូមិភាគឦសាន្ត ដែលសម្បូរដោយតំបន់ទេសចរណ៍ធម្មជាតិមួយនេះ។
ជាក់ស្តែងរូបភាពជាច្រើនសន្លឹកនៅព្រឹកព្រលឹមថ្ងៃនេះ គឺសកម្មភាពលោកផាទ្រីក មឺហ្វី (W.Patrick Murphy) លោក ញ៉ែម សំអឿន និងលោកស្រី បានដឹកនាំរត់ម៉ារ៉ាតុនក្នុងទីប្រជុំជន ផ្លូវសំខាន់ៗក្នុងក្រុងបានលុង មានទិដ្ឋភាពស្រស់ត្រកាលមើលទៅស្អាតខ្លាំងដែលជាគោលដៅទេសចរណ៍។
លោកអភិបាលខេត្តរតនគិរី ដែលបានអញ្ជើញចូលរួម រត់ម៉ារ៉ាតុន បានឱ្យដឹងថា ការចូលរួមរត់ម៉ារ៉ាតុនពីសំណាក់លោក ផាទ្រីក មឺហ្វី នាពេលនេះ គឺអស្ចារ្យមែនទែនមិនត្រឹមតែដើម្បីសុខភាព តែក៏បានបង្ហាញឱ្យឃើញ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយរបស់ប្រទេសកម្ពុជា ហើយអ្វីដែលពិសេសកម្មវិធីរត់នេះជាឱកាសបង្ហាញដល់ភ្ញៀវទេសចរអន្តជាតិ ឱ្យចូលមកទស្សនាកម្សាន្តក្នុងទឹកដីខេត្តរតនគិរីកាន់តែច្រើនឡើង។
សូមបញ្ជាក់ថា ក្នុងដំណើរមកបំពេញបេសកម្មនៅក្នុងទឹកដីនៃខេត្តរតនគិរី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដើម្បីពិភាក្សាការងារពាក់ព័ន្ធ ការគាំទ្រ និងសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នៅក្នុងខេត្តរតនគិរី និងបានអញ្ជើញចូលរួមក្នុងកម្មពិធីបិទបញ្ចប់វគ្គសិក្សាអាហារូបករណ៍ភាសារអង់គ្លេសសម្រាប់ការងារ នៅវិទ្យាស្ថានពហុបច្ចេទេសកម្ពុជា-អាស៊ី (ASEAN BRIDGE) ផងដែរ៕