(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ហ៊ុន​ ចំរើន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក បានគូសរម្លឹកនូវគន្លឹះសំខាន់ចំនួនបីចំណុច ដល់សហភាតរៈរបស់ខ្លួនថា ការអភិវឌ្ឍជាប្រចាំ នូវសមត្ថភាពបច្ចេកទេស បំណិនជីវិត និងក្រុមសីលធម៌វិជ្ជាជីវៈ ជាមូលដ្ឋានក្នុងការបង្កើនសមត្ថភាពផ្ដល់សេវាព្យាបាលជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ការចែករំលែកនូវគន្លឹះសំខាន់ទាំងនេះ ក្នុងឱកាសលោកអញ្ជើញបើកទិវាសល្យសាស្ដ្រ និងសម្ពព-រោគស្ដ្រីលើកទី១ ក្រោមប្រធានបទ «បង្កើនគុណភាពក្នុងការសង្គ្រោះ ព្យាបាលស្ដ្រី និងទារក» នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក។

លោកសាស្ដ្រាចារ្យ បានថ្លែងបន្ដថា សហភាតរៈទាំងអស់ គឺជាធនធានមនុស្សដ៏សំខាន់ ដែលតែងតែយកចិត្ដទុកដាក់ការលើកកម្ពស់សុខុមាលភាពមាតា និងទារកនៅកម្ពុជា។ ប្រាកដណាស់ដើម្បីឱ្យកិច្ចខិតខំប្រឹងប្រែងនេះ កាន់តែមានប្រសិទ្ធភាព នោះការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ បានដើរតួនាទីសំខាន់ណាស់ក្នុងការយន្ដការសំខាន់មួយ គឺការរៀបចំទិវាសល្យសាស្ដ្រ និងសម្ភព រោគស្ដ្រី ដូចដែលបានរៀបចំនេះ។

មន្ដ្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា ការសិក្សាផ្លូវការ ឬថាការរៀនសូត្រនៅសាលាគឺបានបញ្ចប់ទៅហើយមែន តែការសិក្សាបន្តគឺនៅតែមានជាប្រចាំ ដើម្បីបង្កើនសមត្ថភាពផង និងដើម្បីឱ្យសមស្របតាមការ ប្រែប្រួលនៃបញ្ហាសុខភាព ក៏ដូចជាបច្ចេកទេស បច្ចេកវិទ្យាក្នុងការថែទាំ ព្យាបាល និងលើកសម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជារួម និងជាពិសេសចំពោះស្ត្រីជាមាតា និងទារក។ លោកបន្ដថា «ក្នុងនោះការបណ្ដុះមូលដ្ឋានចំនួនបី សហភាតរៈគឺត្រូវប្រកាន់ខ្ជាប់នូវសមត្ថភាពបច្ចេកទេស បំណិនជីវិត និងក្រមសីលធម៌»

* មូលដ្ឋានទីមួយ គឺជំនាញបច្ចេកទេស បច្ចុប្បន្ន ការបណ្តុះបណ្តាលបច្ចេកទេសកាន់តែសម្បូរបែប កាន់តែទំនើប ក៏មានភាពចាំបាច់ផងដែរ ក្នុងការផ្សារភ្ជាប់ និងការអនុវត្តជាក់ស្ដែងផងដែរ។
* មូលដ្ឋានទីពីរ ជំនាញទន់ ឬហៅថាបំណិនជីវិត ដូចជា បំណិនក្នុងការប្រាស្រ័យទាក់ទង បំណិនក្នុងការសហការការងារគ្នា បំណិនក្នុងការថែទាំខ្លួន ពិសេសការគ្រប់គ្រងភាពតានតឹងចិត្ត ការបែងចែកការងារ និងជីវិតផ្ទាល់ខ្លួនជាដើម ក៏ត្រូវបានយកចិត្តទុកដាក់ និងបណ្តុះបណ្តាលដល់និស្សិតពេទ្យផងដែរ ហើយដែលយើងក៏ត្រូវពង្រឹងពង្រីកបន្ថែមទៀតផងដែរ។
* មូលដ្ឋានទីបី គឺការអប់រំសីលធម៌ គុណធម៌ សុជីវធម៌ ជារួម និងជាពិសេស គឺក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។

«ពេលបញ្ចប់ការសិក្សានៅសាលាហើយ ពេលយើងចូលមកបំពេញការងារហើយ ការបណ្ដុះបណ្ដាល ជាលក្ខណៈរំលឹកក្តី ជាលក្ខណៈសិក្សាបន្ថែមក្តី ក៏នៅតែផ្តោតជាសំខាន់លើមូលដ្ឋានទាំងបីនេះដដែល»។ លោកសាស្ដ្រាចារ្យ ហ៊ុន ចំរើន បញ្ជាក់យ៉ាងដូច្នេះ។

ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ក៏បានថ្លែងអរគុណជាពន្លឹកចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត របស់ថ្នាក់ដឹកនាំ បុគ្គលិក សុខាភិបាលទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសការផ្តល់សេវាសុខភាពបន្តពូជ សុខភាពផ្លូវភេទ សុខភាពមាតា ទារកនិងកុមារ។
ជាលទ្ធផលប្រទេសកម្ពុជាទទួលបានសមិទ្ធិផលជាច្រើនរួមទាំងការសម្រេចបាននូវកាត់បន្ថយអត្រាមរណភាព មាតាទារកទើបនឹងកើត និងអត្រាមរណភាពកុមារក្រោមអាយុ៥ឆ្នាំមុនកាលកំណត់។

សមិទ្ធិផលទាំងនេះសម្រេចបានក្រោមការដឹកនាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការវិនិយោគយ៉ាងច្រើន ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្នែកសុខាភិបាល និងធនធានមនុស្ស និងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនគុណភាពនៃការផ្តល់សេវា និងលទ្ធភាពទទួលបានការថែទាំសុខភាពរបស់ប្រជាជនដោយផ្តោតជាពិសេសលើប្រជាជនជនក្រីក្រ និងងាយរងគ្រោះបំផុត។

លោកសាស្ដ្រាចារ្យក៏បានគូសរម្លឹកថា តាមការអង្កេតប្រជាសាស្ត្រ និងសុខភាពឆ្នាំ ២០២១-២០២២ បានបង្ហាញឱ្យឃើញថា៖
*អត្រាមរណៈភាពទារកបានធ្លាក់ពី ២៨នាក់ នៅឆ្នាំ២០០៥ មកនៅត្រឹមតែ ៨នាក់ ក្នុង១០០០កំណើតរស់នៅ២០២១-២០២២។
*អត្រាមរណៈភាពកុមារក្រោម១ឆ្នាំបានធ្លាក់ ពី៦៦ នៅឆ្នាំ២០០៥ មកនៅ១២ ក្នុង១០០០កំណើតរស់នៅឆ្នាំ២០២១-២០២២
*និងអត្រាមរណៈភាពកុមារក្រោម៥ឆ្នាំ បានធ្លាក់ចុះពី៨៣ នៅឆ្នាំ២០០៥ មកនៅ១៦ ក្នុង១,០០០កំណើតរស់នៅឆ្នាំ ២០២១-២០២២។
*ការសម្រាលកូននៅមូលដ្ឋានសុខាភិបាលបានកើនឡើងពី៨៣% នៅឆ្នាំ២០១៤ មកដល់៩៧% នៅឆ្នាំ២០២២។
*ការសម្រាលកូនដោយបុគ្គលិកជំនាញក៏មានការវិវត្តគួរឱ្យកត់សម្គាល់ផងដែរ គឺកើនឡើង៩៩% នៅឆ្នាំ២០២២។
*ការពិនិត្យផ្ទៃពោះមុនសម្រាលដោយបុគ្គលិកជំនាញមាន៩៩% នៅក្នុងឆ្នាំ២០២២នេះដែរ។ នេះ គឺជាជោគជ័យដ៏ខ្លាំងក្លាក្រៃលែង ដែលវិស័យសុខាភិបាលទទួលបាន ជាពិសេសអត្រាមរណភាពទារកទើបនឹងកើត បានថយចុះយ៉ាងល្អ ហើយសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពមុនកាលកំណត់។

ប៉ុន្តែទន្ទឹមនេះក៏នៅមានសូចនាករសំខាន់ៗដែលត្រូវពន្លឿនដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ផងដែរ។ ដូចនេះតាមរយៈទិវានេះ លោកសង្ឃឹមយ៉ាងមុតមាំថា សហភាតរៈទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អ យកទៅអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីជួយសង្គ្រោះជីវិតស្ត្រី និងទារកឱ្យបាន
ទាន់ពេលវេលា ចូលរួមចំណែកកាត់បន្ថយកាត់បន្ថយអត្រាមរណៈភាពមាតា និងទារ ឱ្យនៅត្រឹម៧០ ក្នុង១សែនកំណើតរស់ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

លោកសាស្ដ្រាចារ្យ ហ៊ុន ចំរើន ក៏បង្ហាញពីភាពជឿជាក់ថា ក្រោមម្លប់ដ៏ត្រជាក់ ប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ចាកចេញពីការរាតត្បាតជំងឺកូវីដ១៩ និងបន្តរស់នៅធម្មតាតាមបែបគន្លងថ្មី ជាពិសេសប្រទេសកម្ពុជាយើងទទួលបានជោគជ័យក្នុងប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ និងអត្រាគ្របដណ្តប់ខ្ពស់ក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ជូនដល់ប្រជាពលរដ្ន ក្រោមការដឹងនាំដ៏ឈ្លាស់វៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី, យើងរួមគ្នា នឹងអាចសម្រេចជោគជ័យទៅតាមគោលដៅ ដែលបានកំណត់នៅឆ្នាំ២០៣០ ក្នុងការកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក ឱ្យនៅត្រឹម៧០ ក្នុង១សែនកំណើតរស់៕