(ភ្នំពេញ)៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងអង្គការហ្វារពន្លឺសិល្បៈ បានប្រកាសពីកិច្ចសហការគ្នាដើម្បីដាក់ឱ្យដំណើរការគម្រោងសិល្បៈតែមួយគត់ ដែលមានលក្ខណៈបង្កើតថ្មីក្នុងខេត្តបាត់ដំបង។ គម្រោងនេះមានគោលដៅរំលេចឱ្យឃើញពីបញ្ហាប្រឈម និងចក្ខុវិស័យខេត្តបាត់ដំបង តាមរយៈទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតនៃសិល្បៈ។
គម្រោងខាងលើទទួលបានការគាំទ្រពីមូលនិធិ Métis ដែលជាគំនិតផ្តួចផ្តើមតែមួយគត់បង្កើតឡើងដោយទីភ្នាក់ងារ AFD នៅឆ្នាំ២០២១ ដើម្បីផ្សារភ្ជាប់សិល្បៈ និងការអភិវឌ្ឍ ក៏ដូចជាដើម្បីលើកកម្ពស់អត្ថប្រយោជន៍នៃគម្រោងនានាដែលដាក់ឱ្យដំណើរការដោយ AFD។ ស្របតាមទស្សនៈវិស័យនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ គម្រោងនេះមានទិសដៅបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នរបស់ខេត្តបាត់ដំបង តាមរយៈការលើកស្ទួយតម្លៃបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងភាពរស់រវើកនៃសិល្បៈរបស់ខេត្តមួយនេះ។
គម្រោងខាងលើបានចាប់ផ្តើមដោយការរៀបចំសិក្ខាសិលាមួយឈ្មោះថា Phare Design Lab នៅខេត្តបាត់ដំបង កាលពីខែមករា ឆ្នាំ២០២៣កន្លងទៅ ដោយមានការចូលរួមពីសំណាក់សិស្សសាលាហ្វារពន្លឺសិល្បៈ។ សិក្ខាសាលារយៈពេលមួយសប្តាហ៍នេះបានជួយឱ្យមានការបង្កើតស្នាដៃសិល្បៈចំនួន៧ ដែលត្រូវបានដាក់បង្ហាញនៅក្នុងឧទ្យានស្ថានទូតបារាំង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសខួប៣០ឆ្នាំនៃវត្តមានរបស់ទីភ្នាក់ងារ AFD នៅក្នុងប្រទេសកម្ពុជា។
ជាមួយជោគជ័យយ៉ាងត្រចះត្រចង់នេះ គម្រោងខាងលើនឹងជួយលើកស្ទួយស្នាដៃសិល្បៈទាំងនេះថែមមួយកម្រិតទៀត។ ក្នុងន័យនេះ ពិព័រណ៍មួយនឹងត្រូវរៀបចំឡើងនៅក្នុងឱកាសមហោស្រពមួយរយៈពេលមួយថ្ងៃនៅកណ្តាលក្រុងបាត់ដំបង ក្នុងខែតុលា ឆ្នាំ២០២៣ខាងមុខ។ ក្នុងអំឡុងមហោស្រពនេះ នឹងមានការដាក់បង្ហាញស្នាដៃសិល្បៈចំនួន៥ និងការសម្តែងទស្សនីយភាពសៀកជូនប្រជាពលរដ្ឋទស្សនា។
គម្រោងខាងលើឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើកនៃវិស័យសិល្បៈ ក៏ដូចជាគំនិតច្នៃប្រឌិតរបស់ខេត្តបាត់ដំបង។ គម្រោងនេះនឹងជួយពង្រឹងកិច្ចសហការគ្នារវាងសិល្បករ និងសហគមន៍មូលដ្ឋាន ដើម្បីលើកតម្កើងបេតិកភណ្ឌដ៏សម្បូរបែប និងប្រកបដោយសក្កានុពលរបស់ខេត្តបាត់ដំបង។ គម្រោងនេះផ្តល់សារសំខាន់យ៉ាងខ្លាំងដល់ការចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដោយផ្តល់ឱកាសឱ្យពួកគេក្លាយជាចំណែកមួយក្នុងព្រឹត្តិការណ៍ខាងលើតាមរយៈការជួយរៀបចំការដាក់តាំងស្នាដៃ ការទស្សនាទស្សនីយភាពសៀក ក៏ដូចជាគយគន់ស្នាដៃសិល្បៈ។
គំនិតផ្តួចផ្តើមសិល្បៈខាងលើដែលសម្រេចបានតាមរយៈកិច្ចសហការគ្នារវាងអង្គការហ្វារពន្លឺសិល្បៈ ទីភ្នាក់ងារ AFD និងមូលនិធិ Métis នឹងជួយផ្តល់ជាគំនិតដល់ប្រជាពលរដ្ឋមូលដ្ឋាន និងជួយបំផុសកិច្ចសន្ទនាមួយដែលផ្តោតលើការអភិវឌ្ឍខេត្តបាត់ដំបង ប្រកបដោយចីរភាព។ ព័ត៌មានបន្ថែមស្តីពីគម្រោងសិល្បៈប្រកបដោយការបង្កើតថ្មី ក៏ដូចជាលទ្ធផលរំពឹងទុកពីគម្រោងនេះ នឹងត្រូវជម្រាបជូននៅពេលខាងមុខ៕