(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបើកសិក្ខាសាលាធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ នូវដែនកំណត់វិជ្ជាជីវៈ ឱសថការី និងនិយាមវិជ្ជាជីវៈ ឱសថការី ដែលជាសមិទ្ធផលថ្មីមួយទៀតជាប្រវត្តិសាស្ត្រ សម្រាប់គណៈឱសថការីកម្ពុជា។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកសាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួល នៃគណៈវិជ្ជាជីវៈសុខាភិបាល នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានថ្លែងថា «ក្នុងនាមជាមន្ត្រីក្រសួង សុខាភិបាល ទទួលបន្ទុកកិច្ចការបណ្តុះបណ្តាលវិស័យសុខាភិបាល និង គុណភាព នៃការថែទាំព្យាបាលជំងឺ ខ្ញុំសូមវាយតម្លៃខ្ពស់គុណប្រយោជន៍ នៃសិក្ខាសាលាថ្ងៃនេះទាក់ទងនឹងការផ្សព្វផ្សាយ និងការដាក់អនុវត្តនូវដែន កំណត់វិជ្ជាជីវៈ និងអ្នកយាមវិជ្ជាជីវៈឱសថការីដល់ សិក្ខាកាមដែលចូលរួម»។
លោកសាស្ត្រក៏បានសង្កេតឃើញសុទ្ធតែមន្ត្រីសុខាភិបាល និងតួនាទី និងការភារៈកិច្ចពាក់ព័ន្ធ ការប្រកបវិជ្ជាជីវៈរបស់ឱសថការីទាំងឡាយ ចង់មិនចង់ក្នុងនាម ជាគ្រូពេទ្យម្នាក់ ក្នុងនាមជាពលរដ្ឋម្នាក់ លោកមើលឃើញនូវភាពខ្វះខាត ទាំងការយល់ដឹង និងទាំងការអនុវត្តរបស់មន្ត្រីសុខាភិបាលទាំងឡាយ រួមទាំងឱសថការីវេជ្ជបណ្ឌិតពេទ្យឆ្មប។
លោកសាស្ត្រចារ្យ ធា គ្រុយ បានបន្តថា ការមិនទទួលស្គាល់ច្បាស់ ពីដែនកំណតនៃសមត្ថភាពរបស់ខ្លួន មិនបានគោរពដែនកំណត់សមត្ថភាពរបស់ខ្លួន ពិសេសសាកល្បងផ្តល់សេវាដល់អតិថិជន ពីអ្វីដែលលើសពីសមត្ថភាពដែលបានទទួលបណ្តុះបណ្តាលកន្លងមក បានបង្កគ្រោះថ្នាក់ធ្វើឱ្យព្រឺរព្រួច ដែលនឹកស្មានមិនដល់ហេតុអ្វីបានជាអ្វីអ្វី ដែលយើងមិនចេះមិនច្បាស់ យើងមិនអនុវត្តសម្រាប់ករណីខ្លួនឯង ប្រពន្ធកូនយើង ផ្តល់ឱ្យពួកយើង ហើយយើងអនុវត្តចំពោះអនីតិជន។
លោកសង្ឃឹមថា មន្ត្រីសុខាភិបាលដែលបានចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ ពិតជាប្រើទាំងតួនាទី និងស្មារតីទទួលខុសត្រូវ គ្រប់គ្រងឱ្យបាននូវការខុសឆ្គងទាំងឡាយ ដែលបង្កដោយការរំលោភ ដែនកំណត់វិជ្ជាជីវៈនេះ។
នាឱកាសនោះដែរ លោក បាន បុត្តា អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី២ បានលើកឡើងថា គោលបំណងនៃសិក្ខាសាលាដើម្បីធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវដែនកំណត់វិជ្ជាជីវៈ ឱសថការី និងនិយាមវិជ្ជាជីវៈឱសថការី មានដូចជា៖ ដើម្បីបង្ហាញអំពីសេវាឱសថសាស្ត្រ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈជូនដល់សាធារណជន។ សម្រាប់ប្រើជាឧបករណ៍តាមដាន និងវាយតម្លៃលើការអនុវត្ត ការប្រកប វិជ្ជាជីវៈ ឱសថសាស្រ្ត អមវេជ្ជសាស្ត្ររបស់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្រ្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកអនុរដ្ឋលេខាធិការ បានបន្ដថា ដើម្បីផ្តល់ជាធាតុចូល ក្នុងការរៀបចំកែសម្រួល កម្មវិធីបណ្តុះបណ្តាលមុនពេលចូលបម្រើការងារ ក៏ដូចជាផ្តល់ការណែនាំដល់អ្នកប្រកបវិជ្ជាជីវៈ ឱសថសាស្ត្រ និងនិស្សិត ឱសថសាស្រ្ត។ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈបន្ត និងការបង្កើនគុណភាពនៃការផ្តល់សេវាឱសថសាស្រ្ត។ ប្រើប្រាស់ជាឧបករណ៍សម្រាប់ឱ្យគណៈឱសថការីកម្ពុជាប្រើប្រាស់នៅ ក្នុងការវាយតម្លៃអំពីឱសថការីម្នាក់ៗ ដែលបានចុះបញ្ជិកា និងទទួលអាជ្ញាបណ្ណឱសថការី ពីគណៈឱសថការីកម្ពុជា៕