(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្ដរជាតិ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានលើកទឹកចិត្ដដល់ទន្ដបណ្ឌិត និងនិស្សិតទន្ដសាស្ដ្រ ត្រូវសិក្សារៀនសូត្ររហូត ដរាបណាខ្លួននៅជាទន្ដបណ្ឌិត (ពេទ្យធ្មេញ)។
ការលើកទឹកចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត សាបូ អូហ្សាណូ អញ្ជើញចូលរួមក្នុងសន្និសីទទន្ដវិទ្យាសាស្ដ្រលើកទី២ នៃសាកលវិទ្យាល័យ អន្ដរជាតិ ក្រោមប្រធានបទ «ការច្នៃប្រឌិតអំពីបច្ចេកទេសថ្មី នៃវិស័យទន្ដសាស្ដ្រ» នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។
បណ្ឌិត សាបូ អូហ្សាណូ បានថ្លែងយ៉ាងដូច្នេះថា «វិស័យសុខាភិបាលជារួម ដោយឡែកវិស័យទន្ដសាស្ដ្រ ទាំងទន្ដបណ្ឌិត និងនិស្សិតទន្ដសាស្ដ្រ ត្រូវសិក្សារៀនសូត្ររហូត ដរាបណាខ្លួននៅជាទន្ដបណ្ឌិត»។
បណ្ឌិត សាបូ អូហ្សាណូ បានឲ្យដឹងថា វិស័យទន្ដសាស្ដ្រ គឺជាវិស័យមួយសំខាន់ ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវការ តាំងពីកុមារ ដល់ចាស់ ដែលត្រូវការសេវាថែទាំសុខភាពមាត់ធ្មេញ និងបច្ចេកវិទ្យា ក៏មានការអភិវឌ្ឍន៍ ដែលត្រូវតាមឲ្យទាន់។
ទន្ទឹមគ្នានេះ បណ្ឌិត សាបូ អូហ្សាណូ បានលើកឡើងថា វិស័យសុខាភិបាល មានការអភិវឌ្ឍន៍ ជាពិសេសបច្ចេកវិទ្យា ដែលជំរុញឲ្យការព្យាបាល កាន់តែមានប្រសិទ្ធភាព ហើយបើសិនជាគ្មានបច្ចេកវិទ្យា ការព្យាបាល ក៏មានការពិបាក និងគ្មានប្រសិទ្ធភាពផងដែរ។
ជាមួយគ្នានេះ បណ្ឌិត សាបូ អូហ្សាណូ បានលើកទឹកចិត្ដ ដល់សិក្ខាកាម ជាពិសេសយុវជន ជានិស្សិតទន្ដសាស្ដ្រ ត្រូវចេះប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនឲ្យចំគោលដៅ ដោយមានន័យថា កន្លែងណាដែលមានចំណេះដឹងត្រូវទៅរក ព្រោះថា ចំណេះដឹងមិនមែនមកតែឯងៗនោះទេ លុះត្រាតែយើងទៅរក។
បណ្ឌិត សាបូ អូហ្សាណូ ក៏បានឲ្យដឹងផងដែរថា វិស័យទន្ដសាស្ដ្រ គឺជាវិស័យស្ទែម ដែលជាវិស័យកំពុងតែ ត្រូវបានរាជរដ្ឋាភិបាល មានការយកចិត្ដទុកដាក់ ហើយក្នុងយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ក៏មានការលើកកម្ពស់វិស័យស្ទែមនេះ៕