(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ពុធ ស៊ុនរស្មី នាយករងមន្ទីរ លោក វរសេនីយ៍ទោ ឃឹង សេរី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ទេព សំផន នាយការិយាល័យ ក៤ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា ជាមួយនឹងការដកហូតបានគ្រឿងញៀនចំនួន ៤៦៥គីឡូក្រាម និង ៦៥១ក្រាម។
ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ និងដោយអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។
មុនឈានដល់ការបង្ក្រាបនេះ កម្លាំងជំនាញបានស្រាវជ្រាវជាង២ខែ និងឈានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា នៅពីរគោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១ នៅមុខផ្ទះសំណាក់កណ្តាលស្ទឹងព្រែកជ្រៃ តាមផ្លូវលំ ស្ថិតភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងគោលដៅទី២ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
នៅក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជនជាតិថៃ មានឈ្មោះ SAELEE CHALOEMRAT ភេទប្រុស កើតឆ្នាំ ១៩៩៣ និងទី២ ឈ្មោះ SAEYANG THAVON ភេទប្រុស កើតឆ្នាំ ១៩៨៩។ ចាប់យកវត្ថុតាង៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤៦៥ដុំ ស្មើទម្ងន់ ៤៦៥គីឡូក្រាម និង ៦៥១ក្រាម ទូរស័ព្ទ ២គ្រឿង។
សូមជម្រាបថា មន្ត្រីជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយពេលឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចូលមកដឹកនាំការងារ បានខិតខំចុះបង្ក្រាបបានបទល្មើសគ្រឿងញៀនយ៉ាងសស្រាក់សស្រាំ ដោយមិនគិតពីការនឿយហត់ឡើយ ដែលករណីខ្លះបានរងរបួស និងខ្លះទៀតបាត់បង់ជីវិតក៏មាន។
ជាមួយគ្នានេះនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តខ្ពស់ ក្នុងបង្ក្រាបបទល្មើសគ្រឿងដូចភ្លៀងរលឹម នៅទូទាំងប្រទេសឱ្យដល់ឫសគល់។ ជាក់ស្តែងត្រឹមតែមួយសប្តាហ៍ចុងក្រោយនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបគ្រឿងញៀនបានប្រមាណជាង១.៥តោនឯណោះ។
បន្ថែមលើពីនេះ តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលជំរុញណែនាំឱ្យកម្លាំងសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនឱ្យអស់ពីកម្ពុជា និងដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀន, លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តកាន់ខ្លាំងថែមទៀត ក្នុងការបោសសំអាត និងបង្ក្រាបគ្រឿងញៀនឱ្យអស់ដោយមិនរុញរាឡើយ។
លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ទៀតថា កម្លាំងសម្ងាត់របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបានពង្រាយគ្រប់រាជធានី-ខេត្ត ដើម្បីបង្ក្រាបគ្រឿងញៀនឱ្យអស់៕