(ភ្នំពេញ)៖ ការិយាល័យចៃកាកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា អ្នកស្ម័គ្រចិត្តចៃកាថ្មី ចំនួន ៧រូបទៀត កំពុងត្រៀមបំពេញការងារនៅខ្មែរ។ អ្នកស្ម័គ្រចិត្តចៃកាទាំង ៧រូប បានមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាព នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។

ពួកគេនឹងចូលរួមវគ្គបណ្តុះបណ្តាលភាសាខ្មែរ មុននឹងការបញ្ជូនទៅធ្វើការជាផ្លូវការ ដើម្បីគាំទ្រលើផ្នែកផ្សេងៗរួមមាន ផ្នែកអប់រំបឋមសិក្សា កីឡាបាល់ទាត់ និង គរុកោសល្យ នៅតាមបណ្តាលខេត្តផ្សេងៗដូចជា ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តសៀមរាប ខេត្តកោះកុង និងខេត្តស្វាយរៀង។

បើតាមការិយាល័យចៃកាកម្ពុជា បានឲ្យដឹងទៀតថា មកដល់ពេលនេះ យ៉ាងហោចណាស់មានអ្នកស្ម័គ្រចិត្តចៃកា ប្រមាណ ៣០នាក់ បានមកបំពេញការងារនៅកម្ពុជា៕