(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ថែរក្សាដើមឈើឱ្យបានគង់វង្ស និងធ្វើរបាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការវិឌ្ឍនៃការដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យដើមនៅអាចរស់នៅដោយភាពគង់វង្ស និងរក្សាបានជាទីក្រុងមានពណ៌បៃតង។

ការជំរុញបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងពិធីដាំនិងចែកកូនឈើដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៣ នៅក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌកំបូល។

លោក ឃួង ស្រេង បានលើកឡើងថា ពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដានេះ ធ្វើឡើងដើម្បីបង្ហាញពីស្មារតីយកចិត្តទុកដាក់ក្នុងការថែរក្សាព្រៃឈើធ្វើឱ្យភ្នំពេញមានមានពណ៌បៃតងស្រស់ស្អាត។ លោកបន្តថា ព្រៃឈើមានអត្តប្រយោជន៍ច្រើនណាស់ ដូចជាផ្តល់ជាជម្រកសត្វព្រៃ ផ្តល់អុកស៊ីសែន និងការទប់ទល់ការប្រែប្រួលអាកាសធាតុជាដើម។ ព្រៃឈើមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះយើងត្រូវថែទាំ និងរក្សាព្រៃឈើឱ្យបានគង់វង្សទាំងអស់គ្នា។

លោក ឃួង ស្រេង បានបន្តទៀតថា ពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌកំបូលនេះ មានចំនួន១២៩៦ដើម (មានគ្រញូង បេង នាងនួន ធ្នង់ ច្រេស សាគូរ៉ា គគីរ កកោះ ឈើទាល គ្រាប់បែក ក្ងោក ចំប៉ី ផ្កាកែវ ឥន្ទនេល) ដោយ២៣០ដើម ចែកនៅតាមវត្តអារាម និងសាលារៀន និងចំនួន២០០០ដើមផ្សេងទៀតសម្រាប់ចែកនៅទូទាំង១៤ខណ្ឌ។ ជាមួយនេះ យើងក៏បានត្រៀមកូនឈើគ្រប់ប្រភេទចំនួន៣៥០០០ដើមទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមដងផ្លូវសាធារណៈ។

លោក ឃួង ស្រេង ក៏បានជំរុញអាជ្ញាធរខណ្ឌទាំងអស់លើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើយ៉ាងហោចណាស់ ក្នុង១ខណ្ឌយ៉ាងតិច២០០ដើម។ អាជ្ញាធរខណ្ឌទាំង១៤ត្រូវថែរក្សាដើមឈើឱ្យបានគង់វង្ស ដោយក្រោយការដាំត្រូវថែទាំដោយស្រោចទឹក និងធ្វើរបាយការណ៍យ៉ាងតិច៣ខែម្តង មករដ្ឋបាលរាជធានីភ្នំពេញជុំវិញការដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យបានដឹងថា ដើមឈើរស់ ឬងាប់ ងាយស្រួលយើងបានដាំបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញជាទីក្រុងរក្សាមានភាពបៃតងស្រស់ស្អាត។

បើតាមរបាយការណ៍របស់លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម បានឲ្យដឹងថា សម្រាប់ការរៀបចំពិធីអបអរសាទរទិវាដាំដើមឈើជាប្រពៃណីជាតិឆ្នាំនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ទទួលបានការឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញ កំណត់យកបរិវេណ សាលាបឋមសិក្សាទនំជ្រឹង ស្ថិតក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាទីតាំងសម្រាប់ប្រារព្ធពិធី និងដាំដើមឈើចម្រុះជសច្រើនប្រភេទ សរុបចំនួន ១២៩៦ដើម ៖ (មានគ្រញូង បេង នាងនួន ធ្នង់ ច្រេស សាគូរ៉ា គគីរ កកោះ ឈើទាល គ្រាប់បែក ក្ងោក ចំប៉ី ផ្កាកែវ ឥន្ទនេល)។

លើសពីនេះ យើងបានដាំដើមឈើចំនួន ២៣០ដើម ទៀត នៅតាមបណ្តាវត្តអារាម និងសាកលវិទ្យាល័យ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ រួមមាន៖ នៅក្នុងបរិវេណវត្តពូនភ្នំ ភូមិព្រៃពពេល សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ ១៥ដើម (ធ្នង់) នៅក្នុងបរិវេណវត្តស្នៀតសិម្ពលី ភូមិស្វាយ សង្កាត់ស្ងោរ ខណ្ឌកំបូល ចំនួន ៩៣ដើម (ច្រេស ក្ងោក ចាន់គីរី) នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន ១២២ដើម (គ្រញូង ធ្នង់ បេង នាងនួន ច្រេស កកោះ ត្របែកព្រៃ ឥន្ទនេល ត្នោត) ។

ជាមួយគ្នានេះ នៅមានកូនឈើចម្រុះប្រភេទចំនួន ២០០០ដើម ផ្សេងទៀត (ធ្នង់ គគីរ ឈើទាល សាគូរ៉ា រ៉ូល) ត្រូវបានត្រៀមទុកក្នុងពិធីនេះ សម្រាប់ប្រគេនព្រះសង្ឃចែកជូនរដ្ឋបាលខណ្ឌទាំង១៤ និងបងប្អូនប្រជាពលរដ្ឋ ដើម្បីយក ទៅដាំនៅតាមទីវត្តអារាម ដងផ្លូវសាធារណៈ និងលំនៅដ្ឋានរៀងៗខ្លួនផងដែរ៕