Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកប៉ោយប៉ែត បំភ្លឺនៅ ACU រឿងយកលុយ​ពីភ្ញៀវទេសចរ ជាថ្នូរនឹងការបោះត្រា​លើ​លិខិតឆ្លងដែន

04-08-2016 16:38

(ភ្នំពេញ)៖​ លោក វួច អូន ប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺជូនអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពាក់ព័ន្ធភាពមិនប្រក្រតី និងវិធានការទប់ស្កាត់បញ្ហានានា ដែលកើតឡើងចំពោះភ្ញៀវទេសចរបន្ទាប់ពីមានពាក្យប្តឹងដោយចោទប្រកាន់ថា ច្រកអន្តរជាតិមួយនេះ មានការទារប្រាក់ពីភ្ញៀវទេសចរបរទេសចំនួន៣០ដុល្លារ និង២០០បាត ជាថ្នូរនឹងការបោះត្រាលើលិខិតឆ្លងដែន។

ចំពោះករណីនេះ លោក វួច អូន បានរៀបរាប់ថា កន្លែងផ្តល់ទិដ្ឋាការជូនភ្ញៀវទេសចរ ចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានពីរកន្លែង គឺស្ថិតនៅអគ្គកុងស៊ុលកម្ពុជា ប្រចាំស្រុកអារញ្ញញ ខេត្តស្រះកែវ ប្រទេសថៃ និងប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ភ្ញៀវទេសចរអន្តរជាតិភាគច្រើន បានចូលទៅបំពេញ បែបបទនៅអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ មុនពេលធ្វើដំណើរឆ្លងចូលប្រទេសកម្ពុជា ដែលជាហេតុធ្វើឲ្យជនខិលខូច ឆ្លៀតឱកាសចូលធ្វើការទំនាក់ទំនងភ្ញៀវទេសចរ នៅចំណតរថយន្ត ឬផ្លូវរថភ្លើងនៅទីនោះ ហើយទារយកកម្រៃថ្លៃជើងសារ លើសច្បាប់កំណត់ ដែលធ្វើឲ្យសមត្ថកិច្ចច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពិបាកទប់ស្កាត់ និងកំណត់មុខសញ្ញា។

ប្រធានស្នាក់ការច្រករូបនេះ បានឲ្យដឹងទៀតថា បន្ទាប់ពីមានបញ្ហានេះ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត មានវិធានការទប់ស្កាត់ ដូចជាផ្នែកទិដ្ឋាការ ត្រូវដាក់ផ្លាកសញ្ញាចង្អុលបង្ហាញជូនភ្ញៀវទេសចរ បង្ហាញតារាងតម្លៃទិដ្ឋាការឲ្យបានច្បាស់ និងសាមីខ្លួន ត្រូវតែចូលមកបំពេញបែបបទដោយផ្ទាល់៕

សូមអានលិខិតបំភ្លឺ របស់ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកប៉ោយប៉ែត៖