(កំពង់ស្ពឺ)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងលោក ព្រាប កុយវឌ្ឍនៈ អភិបាលក្រុងឧដុង្គម៉ែជ័យ បានអញ្ជើញប្រកាសតែងតាំង និងចូលកាន់តំណែងមេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ។
ពិធីនេះបានធ្វើឡើងនៅសាលាក្រុងឧដុង្គម៉ែជ័យ ក្នុងភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីកងកម្លាំងទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ មន្ត្រីសាលាក្រុងជាង២០០នាក់។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងថា ការតែងតាំងផ្លាស់ប្តូរមុខតំណែងលោកអនុសេនីយ៍ឯក សេង រ៉ាម៉ូវ ជាមេបញ្ជាការក្រុងឧដុង្គម៉ែជ័យ ថ្ងៃនេះជាផ្លាស់ប្តូរដូចគ្នា ក្នុងអង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន គឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីមានភាពរីកចម្រើនក្នុងអង្គភាព ឬស្ថាប័នណាមួយ។
លោកមេបញ្ជាការបន្តថា ការប្រគល់ភារកិច្ច គឺមានអត្ថប្រយោជន៍៤ជាគន្លឹះ ដែលនោះមិនទាន់គិតអំពីការអនុវត្តច្បាប់ ចំពោះយោធិន ដែលដល់អាយុចូលនិវត្តន៍ថែមទៀតផងរួមមាន៖
*ទី១៖ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន
*ទី២៖ រៀបចំធនធានមនុស្សឱ្យស្របសមត្ថភាពជំនាញ និងនិស្ស័យ
*ទី៣៖ ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន
*ទី៤៖ ជាការចែករំលែកបទពិសោធន៍ល្អៗ ក្នុងបំណងធ្វើឱ្យអង្គភាពមានការរីកចម្រើនព្រមៗគ្នា។ លក្ខខណ្ឌក្នុងការតែងតាំង នាយទាហាន ដឹកនាំបញ្ញា ក៏ដូចជាប្រធាន បណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថ ទាមទារនូវលក្ខណៈសម្បត្តិ៤យ៉ាង រួមមាន៖
*ទី១៖ សុខភាពល្អ កាយសម្បទាមាំមួន
*ទី២៖ មានសមត្ថភាព វិជ្ជាជីវៈ ជំនាញបទពិសោធន៍ ក្នុងការដឹកនាំបញ្ញាគ្រប់គ្រង និងមានភាពឆ្លាតវៃ
*ទី៣៖ មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលៈបង់ គម្រូ ឧស្សាហ៍ព្យាយាម មានភាពក្លាហាន មានស្មារតីទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំបានល្អ និងមានការគោរពស្រឡាញ់ពីមហាជន ប្រជាជន ពុំធ្លាប់ទទួលទណ្ឌកម្មរបស់អង្គភាព តាមច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ឬការផ្តន្ទាទោសរបស់ស្ថាប័នតុលាការ។
*ទី៤៖ យល់ដឹង និងចេះប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន។
ក្នុងពិធីនេះដែរលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី បានជួយឧបត្ថម្ភម៉ូតូ HONDA ADV ផលិតឆ្នាំ២០២៣ ចំនួន២គ្រឿង និងលោក ព្រាប គារ៉ាត ប្រធានគយ ចល័តតំបន់៦ និងលោកស្រី ក៏បានឧបត្ថម្ភរថយន្តម៉ាក ឆែរ៉ូឡែត ឆ្នាំ២០១៨ ចំនួន០១គ្រឿង សម្រាប់បម្រើការនៅក្នុងអង្គភាពផងដែរ៕