(ភ្នំពេញ)៖ អគារសាលាបឋមសិក្សា ២ខ្នង ១០បន្ទប់ និងសមិទ្ធិផលនានា នៅក្នុងបរិវេណសាលាបឋមសិក្សាវត្តស្លា ស្ថិតនៅក្នុងភូមិពោនកក ឃុំឈើទាល ស្រុស្វាយជ្រុំ ខេត្តស្វាយរៀង ជាអំណោយរបស់សមាគម រ៉ូតារី អ៊ិនទ័រណេត្យូណល់ ក្លឹប កូរ៉េ Rotary International Club Korea តាមរយៈលោក ចៅ ភិរិទ្ធ ប្រធានក្រុមការងារចុះ មូលដ្ឋានឃុំឈើទាល ដែលបានចំណាយថវិកាសាងសង់អស់ជាង ១០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។

នៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានបានចូលរួមក្នុងពិធីសម្ពោធ នាពេលនេះ ដោយក្តីនឹករលឹក និងការគិតគូអំពីសុខទុក្ខ ប្រជាពលរដ្ឋទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងប្រាប់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពីតម្លៃនៃសុខសន្តិភាពដែលមានសព្វថ្ងៃក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យប្រទេសជាតិយើង មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ តាំងពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយ៉ាលនៅតាមព្រំដែន។ ប្រសិនបើគ្មានសុខសន្តិភាពទេ ក៏គ្មានវត្តមានសមាគម រ៉ូតារី អ៊ិនទ័រណេត្យូណល់ ក្លឹប កូរ៉េ Rotary International Club Kore មានឱកាសចូលរួមអភិវឌ្ឍ កសាងសមិទ្ធិផលនានា ជូនបងប្អូនប្រជាពលរដ្ឋយើងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ ចំពោះសមាគម រ៉ូតារី អ៊ិនទ័រណេត្យូណល់ ក្លឹប កូរ៉េ Rotary International Club Kore ក្រុមការងារចុះ មូលដ្ឋានឃុំឈើទាល អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានជួយសហការគ្នាកសាងអគារសាលាបឋមសិក្សាវត្តស្លានេះឡើង។ សម្តេចបានអំពាវឱ្យចូលរួមថែរក្សាអគារ សាលាបឋម សិក្សានេះ ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង និងបានណែនាំដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់ប្រភេទ៕