(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាស្តីពី ការកំណត់ទិន្នន័យមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣ និងការវាយតម្លៃតម្រូវការបណ្តុះបណ្តាល និងវិក្រឹតការ ឆ្នាំ២០២៤ ជូនក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលរាជធានី-ខេត្ត ក្នុងគោលបំណងធ្វើបច្ចុប្បន្នកម្មទិន្នន័យស្តីពី កម្រិតជំនាញវិជ្ជាជីវៈ ប្រភេទមុខតំណែង និងមុខងារភារកិច្ច តាមមុខជំនាញ នីមួយៗ របស់មន្រ្តីជំនាញហិរញ្ញវត្ថុសាធារណៈ និងកំណត់ឲ្យបានច្បាស់នូវតម្រូវការ បណ្តុះបណ្តាល និងវិក្រឹតការ ដើម្បីចូលរួមចំណែកអនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ប្រកបដោយ ប្រសិទ្ធភាព និងចីរភាព។

ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០០ នាក់។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានដល់ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ក្នុងឆ្នាំ២០២៣នេះ ដែលជាដំណាក់កាល ចុងក្រោយ និង តម្រង់គោលដៅឆ្ពោះទៅរក «សមិទ្ធកម្ម ឬ លទ្ធផល» បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចះត្រចង់ ជាបន្តបន្ទាប់ ក្នុង «ការកសាងភាពជឿទុកចិត្តបាននៃថវិកា» នៅដំណាក់កាលទី១, «ការពង្រឹងគណនេយ្យភាព ហិរញ្ញវត្ថុ» នៅដំណាក់កាលទី ២, និង «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» នៅដំណាក់កាលទី៣ កន្លងទៅ។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ចក្ខុវិស័យនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺប្រែក្លាយប្រព័ន្ធគ្រប់គ្រងថវិកាកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្តោត លើលទ្ធផល ឬ សមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ។ ក្នុងន័យនេះ ការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ គឺជាកិច្ចការអាទិភាពមួយ ដើម្បីចូលរួមចំណែកគាំទ្រ និង អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឲ្យសម្រេចបានគោលដៅរបស់ខ្លួន នៅក្នុងដំណាក់កាលនីមួយៗ។

ស្របតាមស្មារតីច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី មានត្រា ១៤ ចែងថា «មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈនៃក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថាន សាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងនិមួយៗ ។ គុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខដំណែងការងារនីមួយៗនេះ ត្រូវកំណត់ដោយអនុក្រឹត្យ តាមការស្នើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន» និង ស្របតាមផែនការយុទ្ធសាស្ត្រកសាងសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ ក្នុងន័យនេះ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលានេះទ្បើង ដើម្បីកំណត់ទិន្នន័យមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣ និង សិក្សាវាយតម្លៃតម្រូវការបណ្តុះបណ្តាលនិងវិក្រឹតការ ឆ្នាំ ២០២៤។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចផងដែរថា ក្នុងដំណើរឆ្ពោះទៅមុខ មន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈ តាមប្រភេទមុខតំណែងការងារនីមួយៗ ជាចាំបាច់ ហើយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គឺជាតួអង្គនិម្មាបនករ លើការកសាង គុណវុឌ្ឍវិជ្ជាជីវៈមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ នេះ តាមរយៈការអនុវត្តកម្មវិធីបណ្តុះបណ្ដាល និង វិក្រឹតការសមត្ថភាព កម្រិតវិញ្ញាបនបត្រ ផ្សារភ្ជាប់មុខតំណែង លើជំនាញបច្ចេកទេស ពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អាស្រ័យហេតុនេះ, ក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល គ្រឹះស្ថានសាធារណៈប្រហាក់ប្រហែល និង រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់កម្រិត ត្រូវផ្តល់ការគាំទ្រ ជាពិសេស ចូលរួមអនុវត្ត ប្រកបដោយបុរេសកម្ម និង សកម្ម ក្នុងការងារកសាង និងការអភិវឌ្ឍសមត្ថភាពនេះ សំដៅរួមចំណែកសម្រេចចក្ខុវិស័យនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល៕