(សៀមរាប)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា ស្តីពី «បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍» និងគោលការណ៍ណែនាំ ស្តីពី «ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី»។
ក្នុងឱកាសនោះ លោក ហោ សារុន បានលើកឡើងថា ការកសាងបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ គឺជាចូលរួមពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា និងបង្កើនភាពទាក់ទាញ តាមរយៈការលើកកម្ពស់ សុខុមាលភាព និងការពារផលប៉ះពាល់ពីផលិតផលថ្នាំជក់មកលើសុខភាពប្រជាពលរដ្ឋ អ្នកបម្រើក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរ។
លោក ហោ សារុន បានឲ្យដឹងថា ការដាក់ឲ្យអនុវត្តគោលការណ៍ណែនាំ ស្តីពី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» គឺជាជំហានថ្មីមួយទៀត ដែលក្រុង/ស្រុក/ខណ្ឌមានឱកាសកាន់តែច្រើនឡើងថែមទៀត ក្នុងការចូលរួមអភិវឌ្ឍ វិស័យទេសចរណ៍ ក៏ដូចជាកសាងកេរ្តិ៍ឈ្មោះមូលដ្ឋានរបស់ខ្លួននៅក្នុងបេះដូងភ្ញៀវទេសចរជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ផ្តល់នូវផាសុកភាព និងសុខុមាលភាព។
ឆ្លៀតក្នុងឱកាសនេះ លោក ហោ សារុន ក៏បញ្ជាក់ថា ពីគោលការណ៍ណែនាំ ស្តីពី «ការរៀបចំទីក្រុងទេសចរណ៍ គ្មានផ្សែងបារី» នេះ ត្រូវបានអនុវត្តសាកល្បងជាគំរូ និងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ នៅក្រុងកំពត នៃខេត្តកំពត កាលពីដើមឆ្នាំ២០២៣នេះ។
លោក ហោ សារុន បានគូសបញ្ជាក់ថា ក្រុងកំពតត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ អង្គការសុខភាពពិភពលោក (WHO) និងសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) ព្រមទាំង ទទួលបានពាន «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» បន្ទាប់ពីអនុវត្តបានល្អតាមគោលការណ៍ណែនាំនេះ និងឆ្លងកាត់ការចុះត្រួតពិនិត្យ និងវាយតម្លៃផ្ទាល់ពីក្រុមការងារបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ដោយអនុលោម ទៅតាមសូចនាករដែលមានចែងនៅក្នុងគោលការណ៍ណែនាំ ស្តីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី។
ជាថ្មីម្តងទៀត លោក ហោ សារុន ក៏សូមសម្តែងការកោតសរសើរយ៉ាងខ្លាំងដល់រដ្ឋបាលក្រុងកំពត អាជ្ញាធរសង្កាត់ក្នុងក្រុង និងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ដែលបានចូលរួមអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ និងសូមអំពាវនាវឲ្យបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ក្រុងកំពតរបស់យើងឲ្យស័ក្តិសមជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។
លោក ហោ សារុន បានបញ្ជាក់ថា ជាការពិតណាស់ បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍អាចសម្រេចទៅបាន និងទទួលបានលទ្ធផលល្អប្រសើរ ទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងផ្នែកពាក់ព័ន្ធដទៃទៀត៕