(អង់ការ៉ា)៖ សារព័ត៌មាន CNN នៅតួកគីបានចេញផ្សាយនាមុនេះបន្តិចថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី និងធ្វើដំណើរបំពេញទស្សនកិច្ចនៅប្រទេសតួកគី នាអំឡុងចុងខែសីហានេះ ដើម្បីស្វែងយល់ពីការវិវឌ្ឍរបស់តួកគី ក្រោយរដ្ឋប្រហារបរាជ័យ និងការធ្វើបត្យាប័ននាំខ្លួនលោក Tethuallah Gulen ដែលតួកគីចោទថាជាមេខ្លោងនៃរដ្ឋប្រហារនោះត្រឡប់មកកាន់តួកគីវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០១៦។
នាយករដ្ឋមន្ត្រីតួកគីលោក Binali Yildirim ក៏បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះដែរថា មន្ត្រីជាន់ខ្ពស់អាមេរិក នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសតួកគី នៅថ្ងៃទី២០ ខែសីហា ខាងមុខនេះ។ ប្រទេសតួកគីនឹងបង្ហាញនូវអ្វីគ្រប់យ៉ាងទៅដល់លោក ចន ឃើរី ជុំវិញរដ្ឋប្រហារ ដែលបានទទួលបរាជ័យ កាលពីថ្ងៃទី ១៥-១៦ ខែកក្កដា ព្រមទាំងការចាប់ខ្លួន និងដកចេញពីតំណែង ព្រមទាំង ការឃុំខ្លួនមន្ត្រីជាច្រើនក្រោយពីនោះ។
យ៉ាងណាក៏ដោយ ប្រទេសតួកគី បានដាក់សំណើពីរដងហើយទៅកាន់រដ្ឋាភិបាលអាមេរិក ឲ្យនាំខ្លួនលោក Gulen មកឲ្យរដ្ឋាភិបាលតួកគីចាត់ការតាមនីតិវិធីច្បាប់។ រដ្ឋមន្ត្រីការបរទេសតួកគីលោក Bekir Boxdag បានបញ្ជាក់ថា ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងអង់ការ៉ា នឹងរងផលអវិជ្ជមានកាន់តែខ្លាំង ប្រសិនបើលោក Gulen មិនត្រូវបានផ្តល់បត្យាប័នឲ្យនាំខ្លួនមកវិញទេនោះ៕