(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ក្រសួងសន្តិសុខសាធារណៈឡាវ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីបញ្ហាគ្រឿងញៀនលើកទី ៨ (8th AMMD) នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយប្រធានគណៈប្រតិភូ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីបញ្ហាគ្រឿងញៀនលើកទី៨ បានចូលជួបសម្ដែងការគួរសមចំពោះ លោកឧត្តមសេនីយ៍ Villay Lakhamphong ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសន្តិសុខសាធារណៈឡាវ នៅមុនពេលពិធីបើកកិច្ចប្រជុំ 8th AMMD។
ក្រោយមកលោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីបញ្ហាគ្រឿងញៀនលើកទី៨ ដោយមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត ក្នុងនាមជាអ្នកសង្កេតការណ៍។
កិច្ចប្រជុំនេះ បានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តន៍ផែនការសកម្មភាពអាស៊ានស្តីពី ការធានានូវសហគមន៍ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឆ្នាំ២០១៦-២០២៥ ហើយបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការឆ្លើយតប និងកាត់បន្ថយផលប៉ះពាល់នៃការប្រឈមកំពុងលេចឡើង ដែលកើតចេញពីស្ថានភាពគ្រឿងញៀនខុសច្បាប់នាពេលបច្ចុប្បន្ន នៅក្នុងតំបន់៕