(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយនៃការផ្ដល់ថរិកាគាំទ្រដល់គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រ សម្រាប់ឆ្នាំ២០២៣ ដែលបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលប្រជុំ CKCC។

សិក្ខាសាលាស្តីពីការផ្សព្វផ្សាយនៃការផ្ដល់ថរិកាគាំទ្រដល់គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រ សម្រាប់ឆ្នាំ២០២៣នេះ ក៏មានការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស រួមទាំងមានលោកគ្រូ អ្នកគ្រូ ចូលរួមជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ដែរថា មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ (Research Creativity and Innovation Fund) ឬមូលនិធិ ស.គ.ន. ជាគំនិតផ្តួចផ្តើមដែលមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និង កីឡា ក្នុងគោលដៅរួមចំណែកលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញនវានុវត្តន៍ ឆ្លើយតបទៅនឹង ទីផ្សារពលកម្ម និងសកលភាវូបនីយកម្ម។

មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នឹងបន្តគាំទ្រដល់គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ ដែលផ្តោតលើ អាទិភាពដូចជា៖ វិស័យកសិកម្មអនុវត្ត, ការលើកកម្ពស់ភាពជាមជ្ឈមណ្ឌលឧត្តមានុវត្តរបស់ស្ថាប័ន, បច្ចេកវិទ្យាឌីជីថល ផ្ដោតលើមេកាត្រូនិច បច្ចេកវិទ្យា AI ឬបច្ចេកទេស AR- VR- XR, វិទ្យាសាស្រ្តរូបធាតុ និងការអភិរក្សកសិកម្ម ដើម្បីលើកកម្ពស់គុណភាពដី តុល្យភាពរវាង Fauna និង Flora និងការទប់ស្កាត់ការហូរច្រោះ និងការសឹករិចរិលនៃដីកសិកម្ម។

នីតិវិធី និងលក្ខខណ្ឌនៃការផ្ដល់ការគាំទ្រដល់គម្រោងស្រាវជ្រាវនេះមានដូចជា ៖

១៖ ទំហំថវិកាគាំទ្រការស្រាវជ្រាវអាចស្នើសុំក្នុងចន្លោះ ៤០ ០០០ ០០០ រៀល ដល់ ១២០ ០០០ ០០០រៀល ដោយផ្អែកលើប្រធានបទស្រាវជ្រាវ

២៖ រយៈពេលនៃដំណើការស្រាវជ្រាវមានរយៈពេល១ឆ្នាំ ឬច្រើនជាងនេះ គិតចាប់ពីកាលបរិច្ឆេទចុះកិច្ចព្រមព្រៀង

៣៖ ការអនុវត្តថវិកាមូលនិធិ ស.គ.ន. លើគម្រោងស្រាវជ្រាវ ត្រូវអនុលោមតាមលក្ខខណ្ឌលម្អិតដែលបានកំណត់

៤៖ ការរៀបចំនិងការបំពេញសំណុំពាក្យស្នើសុំគាំទ្រគម្រោងស្រាវជ្រាវ រួមមាន៖ ១. លិខិតស្នើសុំចូលរួមប្រកួតប្រជែង ថវិកាមូលនិធិ (Cover Letter) ២.ប្រវត្តិរូបសង្ខេបនៃអ្នកស្នើសុំ (CV of Applicants /Researchers) ៣. ការសង្ខេបព័ត៌មានស្តីពីស្ថាប័ន ឬក្រុមហ៊ុន(Profile of the Company/Organization) និង ៤. គម្រោង សំណើស្រាវជ្រាវ (៣-៥ទំព័រ)

៥៖ សំណុំពាក្យស្នើសុំ ព្រមទាំងឯកសារពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំជាទម្រង់ PDF តែមួយ (1File)

៦៖ កាលបរិច្ឆេទនៃការឈប់ទទួលសំណុំពាក្យស្នើសុំ មិនត្រូវបានកំណត់ឡើយ ប៉ុន្តែការពិនិត្យជ្រើសរើសគម្រោងស្រាវជ្រាវ នឹងត្រូវធ្វើឡើងរៀងរាល់ ១ត្រីមាសម្តង។ ដោយឡែកការជ្រើសរើសគម្រោងស្រាវជ្រាវសម្រាប់ ត្រីមាសទី៣ ឆ្នាំ២០២៣ នឹងកំណត់ត្រឹម ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣៕