(ភ្នំពេញ)៖ លោក គី តិច មេធាវីតំណាង សម្តេចតេជោ ហ៊ុន សែន នឹងចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ស្អែកនេះ ក្នុងនាមជាដើមបណ្តឹង ដែលបានដាក់ពាក្យប្តឹង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី ដែលចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលថា រៀបចំឃាតកម្មបាញ់សម្លាប់បណ្ឌិត កែម ឡី។
លោកមេធាវី គី តិច ត្រូវបានចាត់តាំងតំណាងសម្តេចតេជោ ហ៊ុន សែន ក្នុងការដាក់ពាក្យប្តឹង លោក សម រង្ស៊ី និង លោកស្រី ថាក់ ឡានី នាថ្មីៗនេះ។ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែសីហា ក៏បានចេញដីកាកោះហៅអ្នកស្រី ថាក់ ឡានី ឲ្យចូលមកបំភ្លឺនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២រសៀល, ចំណែកលោក សម រង្ស៊ី ចូលបំភ្លឺថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៨៖៣០នាទីព្រឹក។
កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុងស្តាម៉ាតបូកគោ ស្ថិតនៅក្នុងខណ្ឌចំការមននោះ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមុខមុនគេបង្អស់ ដោយចោទរដ្ឋអំណាចថា ជាអ្នករៀបចំឃាតកម្មលើ លោកបណ្ឌិត កែម ឡី ខណៈដែលសមត្ថកិច្ច កំពុងស៊ើបអង្កេតនៅឡើយ។ ចំណែក លោកស្រី ថាក់ ឡានី ក៏បានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថាជាអ្នកបាញ់សម្លាប់បណ្ឌិត កែម ឡី ដែរ។
ក្រោយពីមានការចោទប្រកាន់បែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាការលាបពណ៌ដ៏ធ្ងន់ធ្ងរបំផុតលើរាជរដ្ឋាភិបាល ហើយហៅការចោទប្រកាន់នេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីតែកេងចំណេញនយោបាយតែប៉ុណ្ណោះ៕