(កណ្តាល)៖ ឧបករណ៍នេសាទខុសច្បាប់មួយចំនួន ដូចជា សៃយឺន និងឈឹបត្រូវបានប្រជាពលរដ្ឋ មូលដ្ឋានរាយការណ៍ថា បាននិងកំពុងបង្ហាញវត្តមាន យ៉ាងព្រោងព្រាត នៅតាមបណ្តាលស្រុក របស់ទឹកដីខេត្តកណ្តាល ប៉ុន្តែសកម្មភាពចុះទប់ស្កាត់ និងបង្ក្រាបរបស់មន្រ្តីរដ្ឋបាលជលផល ព្រមទាំងអាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធហាក់បីដូចជា វែកចកយ៉ាងដូច្នេះ។
ប្រភេទឧបករណ៍នេសាទខុសច្បាប់ទាំងនេះ ត្រូវបានជនល្មើសយកទៅដាក់រាយប៉ាយ ពេញលើផ្ទៃទឹកមានដូចជា ស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក ស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកពញាឮជាដើម។ ប្រជាពលរដ្ឋបានលើកឡើងថា បើសិន សកម្មភាពបទល្មើសនេសាទទាំងនេះ នៅបន្តកើតមាននោះ ធនធានមច្ឆានឹងរលាយហិចហោចតែម្តងជាពិសេស សម្រាប់ឧបករណ៍ ទាំងឡាយណា ដែលអាចបំផ្លាញទាំងត្រីតូច និងត្រីធំ។
ប្រជាពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តាលថា «បងអើយ!បទល្មើសជលផល នៅសព្វថ្ងៃនេះមិនមានការថយចុះនោះទេ ហើយថែមទាំងមានការកើនឡើងលើសដើម ធ្វើឲ្យពួកយើងខកចិត្តយ៉ាងខ្លាំង និងអស់ជំនឿទុកចិត្តផងដែរ ទៅលើមន្រ្តីជំនាញ»។ ដោយឡែក ប្រជាពលរដ្ឋរស់នៅក្នុងស្រុកល្វាឯមវិញ បាននិយាយថា នៅក្នុងឃុំស្រុករបស់គាត់ គ្រាន់តែទឹកទើបនឹង ចូលរលៀបបាតបឹង បាតអូរសោះឃើញថា ឧបករណ៍នេសាទល្មើសច្បាប់ត្រូវបានគេ យកមកដាក់ពេញបឹង ព្រែក អូរ អស់ទៅហើយ ដែលឧបករណ៍ទាំងនេះមានដូចជា សៃយឺន ដែលដាក់បាំងព្រួលកាច់ឡុករាប់រយម៉ែត្រ ដែលគេដាក់បណ្តាក់បន្តកន្ទុយគ្នារដឹក នៅពេលយប់ គឺក្រុមឆក់ចេញធ្វើសកម្មភាពព្រោងព្រាត ចំណែកជំនាញជលផលវិញមិនដែល ឃើញចុះបង្ក្រាបម្តងណាឡើយ ហាក់បីដូចជា ម៉ាៗយកតែប្រយោជន៍ប៉ុណ្ណោះ។
សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកពញាឮវិញ បានឲ្យដឹងដែរថា ឧបករណ៍នេសាទល្មើសច្បាប់ ក៏កំពុងកើតមានឡើងពេញបន្ទុក ផងដែរ នៅក្នុងឃុំកោះចិន គឺប្រភេទឧបករណ៍ឈឹប ប្រភេទស្បៃមុង ចាប់ត្រីគ្មានសល់កូនត្រីប្រភេទណា ក៏ចាប់បានដែរ។ រីឯប្រជាពលរដ្ឋ នៅស្រុកកោះធំ ស្រុកស្អាង ស្រុកលើកដែក និងកៀនស្វាយ បានលើកឡើងប្រហាក់ប្រហែល និងការលើកឡើងរបស់ ប្រជាពលរដ្ឋ ខាងលើផងដែរ ចំណែកជំនាញមិនរវីរវល់ និងការចុះបង្ក្រាបឡើយ ប្រហែលជា បានប្រយោជន៍ហើយទើបសម្ងំសុខស្រួល មិនខ្វល់ទោះហិនអីហិនទៅ។
ប្រជាពលរដ្ឋបានសម្តែងការអស់សង្ឃឹមនិងអស់ជំនឿទុកចិត្តយ៉ាងខ្លាំង នៅសកម្មភាពរបស់ជលផល ដែលធ្វើម៉ាៗហៃអើទប់ជើងអង្គុយ ឲ្យតែនឹងខ្លួន ចំណែកសកម្មភាពទប់ស្កាត់បទល្មើសនេសាទមានតែទ្រឹស្តីការអនុវត្តគ្មានបើធ្វើដដែល បែបនេះ ក្តីខំទុកចិត្តរបស់ខេត្ត វាប្រែជាអសារបង់ជាក់ជាមិនខាន។ យ៉ាងណាក៏ដោយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះអង្គភាព Fresh News មិនទាន់អាចសុំការ បំភ្លឺពីមន្រ្តីជំនាញបាននោះទេ។ ប៉ុន្តែរូបភាពមួយចំនួនដែលភ្នាក់ងារ Fresh News ចុះទៅថតផ្ទាល់នោះ នឹងបង្ហាញជាភស្តុតាង ស្រាប់ថា បទល្មើសនេសាទមានការថយចុះឬកើនឡើង៕