(ឧត្តរមានជ័យ)៖ នាយកឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់លំនៅឋាន៥ខ្នង តម្លៃ ១៧,៥០០ដុល្លារ ជូនអតីតយុទ្ធជន ៥គ្រួសារនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមាជ័យ។ លំនៅឋាន ៥ខ្នងនេះ នឹងចូលរួមផ្តល់ទ្រនំដ៏កក់ក្តៅដល់អតីតយុទ្ធជនកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជូនជាតិមាតិភូមិ ហើយក៏ជាការស្តែងឲ្យឃើញពីការយកចិត្តទុកដាក់របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន លើអតីតយុទ្ធជនកម្ពុជាផងដែរ។
ពិធីប្រគល់លំនៅឋាននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពី លោក ស ថាវី អភិបាលខេត្ត ឧត្តរមានជ័យ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្តរមានជ័យ។
ក្នុងឱកាសប្រគល់លំនៅឋានជូនអតីតយុទ្ធជននេះ នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកដល់អតីតយុទ្ធជនថា សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន ដែលជួបការលំបាក ហើយសម្តេច ក៏បានផ្តាំផ្ញើសួរសុខទុក្ខដល់អតីតយុទ្ធជនផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា តាមរយៈស្មារតី នៃការទទួលខុសត្រូវ និងយកចិត្តទុកដាក់នេះ សម្តេចតេជោ ហ៊ុន សែន តែងជួយសាងសង់ផ្ទះសម្បែង ផ្តល់ដីបង្កបង្កើនផល ព្រមទាំងការឧបត្ថម្ភថវិកា ស្បៀង អាហារផ្សេងៗ ជាបន្តបន្ទាប់ ដើម្បីអតីតយុទ្ធជនមានលទ្ធភាពបន្តការងារប្រកបមុខរបរចិញ្ចឹមជីវិត តាមតម្រូវការរៀងៗខ្លួន។
លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជនបានថ្លែងថា «នាពេលនេះ សម្តេចបានផ្តល់ផ្ទះដល់គ្រួសារអតីតយុទ្ធជន ដែលជួបការលំ បាកក្នុងជីវភាពតាមស្មារតីវប្បធម៌ នៃការចែករំលែក ដើម្បីលើកស្ទួយកម្រិតជីវភាព និងការពង្រឹងធ្លុងសាមគ្គីឯកភាពក្នុងជួរអតីតយុទ្ធជន»។
វរសេនីយ៍ទោ ស៊ឹម វណ្ណា ប្រធានសមាគមអតីតយុទ្ធជនស្រុកអន្លង់វែង បានឲ្យដឹងថា ផ្ទះដែលត្រូវបានប្រគល់ជូនមានទំហំ ៤.៥ម៉ែត្រ គុណ ៦.៥ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី និងក្រាលការ៉ូ។ អតីតយុទ្ធជន ដែលទទួលបានលំនៅឋាននេះ រួមមាន៖ ១- ឈ្មោះ ម៉ម រ៉ែន ទី២- ឈ្មោះ យឿន យ៉ាន ទី៣-ឈ្មោះ ជិត ឌឿ ទី៤- ឈ្មោះ ពាក់ ម៉ែន និងទី៥-ឈ្មោះ ឈឹម លន់ ដោយចំណាយថវិកាសរុប ១៧,៥០០ដុល្លារ។
ក្រៅពីប្រគល់លំនៅឋានហើយនោះ នាយឧត្តមសេនីយ៍ គន់ គឺម ក៏បានឧបត្ថម្ភសមាជិកចូលរួមម្នាក់ៗ អង្ករ ២២គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា ៥ម៉ឺនរៀលផងដែរ។
តំណាងគ្រួសារអតីតយុទ្ធជន ដែលទទួលបានលំនៅឋាន បានបង្ហាញក្តីរំភើបរីករាយ និងគោរពថ្លែងអំណរគុណជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានគិតគូរ អំពីសុខទុក្ខរបស់ពួកគាត់នៅគ្រប់កាលៈទេសៈ។
សូមរំលឹកថា ក្នុងឱកាសអបអរសាទរខួប ៩ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សន្តិភាព ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន បានមកពីការបូជាសាច់ស្រស់ ឈាមស្រស់ របស់អតីតយុទ្ធជនកម្ពុជាហើយសម្តេចតេជោ ក៏បានអំពាវនាវឲ្យសម្បុរសជន ចូលរួមធ្វើសកម្មភាពមនុស្សធម៌ ជួយដល់អតីតយុទ្ធជនកម្ពុជា។ ក្រៅពីនេះសប្បុរសជនបានចូលរួមផ្តល់ថវិកាជាង ១លានដុល្លារ សម្រាប់សាងសង់ផ្ទះ ៣៤៥ខ្នង ជូនអតីតយុទ្ធជន ដែលមានដីស្រាប់ផងដែរ៕