(សៀមរាប)៖ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងអាជ្ញាធរអប្សារា និងលោក លោកស្រី អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពនានាជុំវិញខេត្តចូលរួមផងដែរ។
បន្ទាប់ធ្វើពិធីប្រកាសលោក លី ហុងគឹម ជាសមាជិកក្រុមប្រឹក្សាខេត្ត ជំនួសលោក ធា ស៊ីវត្ថា ដែលបានទទួលមរណៈភាពដោយរោគាពាធរួចមក សមាជិកសមាជិកានៃកិច្ចប្រជុំសាមញ្ញលើកទី៥១ បានធ្វើការអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំដែលបានគ្រោងទុក ព្រមទាំងលើសេចក្តីព្រាងនៃកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៥០ផងដែរ។
កិច្ចប្រជុំនោះបានលើនូវបញ្ហាពាក់ព័ន្ធមួយចំនួន ទៅនឹងរដ្ឋបាលខេត្ត ដោយបានផ្តោតលើការងារ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ទីចំណតយានយន្ត សាធារណៈ ដែលមានអាជីវករ និងក្រុមហ៊ុនមួយចំនួន យកធ្វើជាទីតាំងដាក់ទំនិញលក់ដូរ នៅតាមមុខផ្ទះរបស់ខ្លួន ព្រមទាំងលើកឡើងអំពីបញ្ហាការចោលសំរាមនៅតាមទីសាធារណៈ និងទីប្រជុំជន ព្រមទាំងបញ្ហាការចាប់ដណ្តើមម៉ូយ ពេលរថយន្តដឹកអ្នកដំណើរមកដល់ ធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍ និងសោភណ្ឌភាពក្រុង។ បន្ទាប់ពីបណ្តាល មន្ទីរ អង្គភាព ពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំរួចមក សមាជិកនៃកិច្ចប្រជុំសាមញ្ញ លើកទី៥១ បានអនុម័តទៅលើពង្រាងរបាយការណ៍ ប្រចាំខែកក្កដា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប។
ក្នុងឱកាសនោះដែរ លោក ពិន ប្រាកដ ក៏បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារប្រចាំខែកក្កដា ព្រមទាំង បានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិទៀតផង។
លោក អ៊ាន ឃុន បានបញ្ជាក់ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥១របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។
លោក អ៊ាន ឃុន បានបន្តថា ក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត បានអនុវត្តលើកិច្ចការរដ្ឋបាល ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងគ្រោះមហន្តរាយ ការដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងសភាពការជាក់ស្តែងដែលកើតមានឡើងក្នុងខេត្ត។ ក្នុងនោះលើកិច្ចសហការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខនយោបាយ ក្នុងពេលយុទ្ធនាការហែក្បួនឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនានា និងកិច្ចដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅល្អប្រសើរផងដែរ។
លោកបានបញ្ជាក់ថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕