(ភ្នំពេញ)៖ ក្នុងជំនួបរវាងសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ និងរាជរដ្ឋាភិបាល​អាណត្តិថ្មីនៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យរាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី​នោះ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសំខាន់ចំនួន៤ រួមមានស្ថេរភាពនយោបាយ សន្តិសុខសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបញ្ហាទាំង៤ខាងលើនេះ គឺជាកិច្ចការដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ ជាពិសេសបញ្ហាសេដ្ឋកិច្ច ជាបញ្ហាដែលសាកលលោកកំពុងប្រឈម។

ពាក់ព័ន្ធនឹងជីវភាពប្រជាពលរដ្ឋវិញ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រចំពោះ​ការ​សម្រេចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលនៅបន្តកម្មវិធីគាំពារសង្គមនានា ដើម្បីជួយដោះស្រាយ​ការលំបាក​របស់ប្រជាពលរដ្ឋ៕