(ភ្នំពេញ)៖ វេទិកាការងាររបស់ NEA សហការជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានបញ្ចប់ដោយរលូន ដោយមានយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន៤៩៩នាក់បានចូលរួម។ ជាលទ្ធផល មានអ្នកសម្ភាសការងារជាប់ជិត៣០០នាក់ ក្នុងនោះមានអ្នកជាប់ការងារបឋមចំនួន២២៤នាក់ និងអ្នកជាប់ជាស្ថាពរចំនួន២៥នាក់។

កញ្ញា វឿន ស្រីម៉ី មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានជាប់ការងារនៅក្រុមហ៊ុន GFG មើលឃើញថាវេទិកាការងារនេះគឺពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការជួយដល់អ្នកមានបំណងចង់ស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារឲ្យបានជួបជាមួយនឹងនិយោជក។ ស្រីម៉ី បន្ថែមថា «ខ្ញុំចង់រកការងារធ្វើ ខ្ញុំតែងតែមើលលើវេបសាយផ្សេង ហើយពេលដាក់ពាក្យទៀតសោតក៏មានការរង់ចាំយូរដែរ ទំរាំតែគេ Call ហៅទៅសម្ភាស ហើយពេលខ្លះក៏អត់មានអ្នកតេហៅទៅសម្ភាសមានដែរ»

កញ្ញា ពិតជាអរគុណណាស់ដែល NEA រៀបចំវេទិកាការងារនេះឡើង ហើយកញ្ញាពិតជារំភើបណាស់ក្រោយទទួលបានដំណឹងថាជាប់ការងារនៅក្រុមហ៊ុន GFG។ កញ្ញាថាប្រសិនបើយុវជនចង់រកការងារធ្វើ ឬឆាប់ទទួលបានការងារកុំភ្លេចតាមដានលើហ្វេសបុកផេក ឬតាមតេឡេក្រាម NEA ជាដើម។

ដូចគ្នានេះដែរយុវជន សិទ្ធិ សិរី ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ នឹងដែលបានសម្ភាសជាប់ការងារនៅក្រុមហ៊ុន AEON Cambodia ផ្នែកចំណីអាហារយល់ឃើញថា វេទិកាការងាររបស់ NEA ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជន ដែលមិនទាន់មានការងារធ្វើ។ ដូច្នេះបើយុវជនសិស្សនិសិត្ស ដែលមានបំណងស្វែងរកការងារធ្វើអាចអញ្ជើញមកចូលរួមក្នុងវេទិកាការងារដែលបានរៀបចំឡើងដោយ NEA នេះ ជារៀងរាល់ខែបាន។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារក្នុងថ្ងៃនេះ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និងជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ 016 786 655 ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕