(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ជាមន្ត្រីជាន់ខ្ពស់មួយរូបនៃរាជរដ្ឋាភិបាល​នីតិកាលទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោកមានឋានៈ​ជា​ទេស​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល ទទួលបានការទុកចិត្តពីសម្តេចតេជោ ហ៊ុន សែន ឱ្យចូល​មក​កាន់ក្រសួងសាធាណការ និងដឹកជញ្ជូនក្នុងឆ្នាំ​២០១៦ ពោលគឺពាក់​កណ្តាល​អាណត្តិទី៥។

ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរយៈពេលប្រមាណជា ៧ឆ្នាំចុងក្រោយនេះ លោក ស៊ុន ចាន់ថុល បានប្រឹងប្រែងធ្វើកំណែទម្រង់ និងនាំ​មក​នូវសមិទ្ធផល​ជាច្រើនក្រោមសមត្ថកិច្ច​របស់​លោក។

សមិទ្ធផលទាំងនោះមានដូចជា ការប្រឹងប្រែងជំរុញពន្លឿន​ការ​ចុះ​បញ្ជីយានយន្ត និងការបន្តសុពលភាពបណ្ណបើកបរយានយន្តបានស្រួល លឿន​រហ័ស មិនស្មុគ​ស្មាញ ដោយបង្កើតឱ្យមានកន្លែងផ្តល់សេវាក្រៅក្រសួងមាន​នៅ​ផ្សារ​ទំនើបអ៊ីអន​ទាំង​៣នៅរាជធានីភ្នំពេញ ផ្សារទំនើបនៅសៀមរាប និងព្រះសីហនុ។

ពាក់ព័ន្ធការដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្រឹងប្រែងទប់ស្កាត់ការដឹក​ជញ្ជូន​​លើស​ទម្ងន់កំណត់ ប្រឹងប្រែងពង្រឹងគុណភាពផ្លូវ បង្កើតសេវា​ដឹកជញ្ជូន​អ្នក​ដំណើរតាមផ្លូវទឹក ជំរុញឱ្យដំណើរការឡើងវិញផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត ជំរុញឱ្យ​ចេញរូបរាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លើកគំនិតជូន​សម្តេច​តេជោសាង​សង់​ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ពង្រីកផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ ផ្លូវក្រវាត់ក្រុងទី២ និងទី៣ ស្ពានអាកាសដីហុយ បង្កើតសាលាបណ្តុះបណ្តាល​បើករថ​យន្ត​ធំ​ៗ ជំរុញបង្កើតកន្លែងឆៀករថយន្តកាន់តែច្រើនកន្លែង បង្កើត QR កូដលើផ្លាក​លេខ​ងាយស្រួលត្រួតពិនិត្យព័ត៌មានរថយន្ត លុបបំបាត់​ផ្លាកលេខ​ក្លែង​ក្លាយ បង្កើតឱ្យមានផ្លាកលេខពិសេសផ្ទាល់ខ្លួនបំពេញបំណងអ្នកប្រើរថយន្ត និង​រក​ចំណូល​ចូលរដ្ឋ។

លោក ស៊ុន ចាន់ថុល បានបង្កើតសាលាបណ្តុះបណ្តាលជំនាញសាធារណការ និង​​ដឹក​ជញ្ជូន ដើម្បីបង្កើតធនធានមនុស្សលើជំនាញក្នុងវិស័យនេះ។ ការបង្កើតសាលាបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ជូននេះ ទទួលបានការគាំទ្រ និងកោតសរសើរជាខ្លាំងពីសម្តេចតេជោ ហ៊ុន សែន។

គេក៏នៅចាំបានដែរថា ចូលមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនដំបូង លោក ស៊ុន ចាន់ថុល បាន​ប្រឹង​ប្រែងសង់អគារទីស្តីការក្រសួង​នៅទីតាំង​ចាស់​ក្បែរ​វត្តភ្នំ បន្ទាប់មកសង់​អគារ​​ទីស្តីការថ្មីនៅផ្លូវ៥៩៨ ធ្វើឱ្យមន្ត្រីក្រសួង​សាធារ​ណ​ការ និងដឹកជញ្ជូនមា​ន​កន្លែង​ធ្វើការល្អ មិនមានពាក្យថាអត់កន្លែង​អង្គុយ​ធ្វើការ​នោះឡើយ។

ក្រៅពីសមិទ្ធផលដែលរៀបរាប់ គឺនៅមានសមិទ្ធផលជាច្រើនទៀត ដូចជាផ្លូវ និងស្ពានជាច្រើន ក៏ត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់​ពេល​លោក​កាន់​តួនាទីនេះ។ គម្រោងធំៗជាច្រើនទៀត ក៏ត្រូវបានផ្តួចផ្តើមឡើងដែរ តែមិនទាន់​បាន​រួចរាល់ជាស្ថាពរនៅឡើយ។ គម្រោងទាំងនោះ មានដូចជាគម្រោងផ្លូវល្បឿន​លឿន​ភ្នំពេញ-បាវិត, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត, ការពង្រីងកំពុងផែពហុបំណងក្រុងព្រះសីហនុ ដើម្បីពង្រីកការដឹកជញ្ជូនផ្លូវសមុទ្រ។

គម្រោងពិសេសជាប្រវត្តិសាស្ត្រមួយទៀត ដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បានប្រឹងប្រែងឈ្មុសឈ្មុលរហូតឱ្យមានការ​សិក្សាលំអិត​ពីរាជរដ្ឋាភិបាល​អាណត្តិចាស់នោះ គឺគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោង​តភ្ជាប់ផ្លូវ​ទឹក​​ពីទន្លេ ទៅសមុទ្រកម្ពុជា។ គម្រោងនេះ គឺជាគម្រោងមួយដែលទទួលបានការ​គាំទ្រខ្ពស់ពីប្រជាពលរដ្ឋខ្មែរ។

សម្រាប់អាណត្តិថ្មី បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ពេល​សម្ពោធ​ផ្លូ​វ​ក្រវាត់ក្រុងទី៣នោះ បានឱ្យដឹង​ថា លោក ស៊ុន ចាន់ថុល នឹងទទួល​បាន​ឋានៈ​ជាឧបនាយករដ្ឋមន្ត្រី ប៉ុន្តែមិននៅ​ដឹក​នាំក្រសួងសាធារណការ​បន្តទៀត​នោះឡើយ។

ចាប់តាំងពីកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មពីឆ្នាំ២០១៣ និងក្នុងតំណែង​ជា​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមក​ដល់ពេលបច្ចុប្បន្ននេះ លោក ស៊ុន ចាន់ថុល ជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប ដែលទទួលបានការកោតសរសើរពី​ប្រជា​ពលរដ្ឋ តាមរយៈកិច្ចប្រឹងប្រែងក្នុងការបំពេញការងារនាំមកនូវឧត្តម​ប្រយោជន៍​សម្រាប់ជាតិ និងប្រជាជន។

លោក ស៊ុន ចាន់ថុល បានថ្លែងថា ជាឱកាសមួយដ៏កម្រសម្រាប់រូបលោក​ក្នុង​ការ​ចូលរួមចំណែកបម្រើជាតិ និងប្រជាជន ហើយក៏ជារឿងដ៏រីករាយសម្រាប់​លោក​ផងដែរ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «រីករាយជានិច្ចក្នុងតួនាទីរបស់ខ្ញុំ ដែលយើងមានភ័ព្វសំណាងបានបម្រើប្រទេសជាតិមាតុភូមិរបស់យើង។ តើប៉ុន្មាននាក់ សុបិនរាល់ថ្ងៃចង់បម្រើ តែមិនបានបម្រើ ទាមទារចង់បម្រើ មិនបានបម្រើ។ ដូច្នេះយើងទាំងអស់គ្នាដែលមានភ័ព្វសំណាង មានឱកាសបម្រើជាតិ ត្រូវតែសប្បាយចិត្ត ខិតខំប្រឹងប្រែងធ្វើការឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត ដោយសារយើងនេះជាអ្នកបម្រើរាស្ត្រ។ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន យើងជាអ្នកបម្រើរាស្ត្រ ដូច្នេះត្រូវខិតខំឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត បម្រើរាស្ត្រឱ្យមានប្រសិទ្ធភាព»

សូមបញ្ជាក់ថា លោក ស៊ុន ចាន់ថុល ធ្លាប់បានកាន់តួនាទីជាច្រើនក្នុងជួររាជរដ្ឋាភិបាលតាំង​ពីឆ្នាំ១៩៩៤មក។ ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ១៩៩៧ បានបម្រើការជារដ្ឋលេខាធិ​ការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា, ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣ បានបម្រើការជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រធានសភាជាតិ, ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ បានបម្រើ​ការ​ជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន, ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ​២០១៣ បានបម្រើការជាទេសរដ្ឋមន្ត្រី និងអនុប្រធានក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា, ចាប់ពីឆ្នាំ២០១៣ ដល់ខែមេសា ឆ្នាំ២០១៦ បានបម្រើការជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ចាប់ពីឆ្នាំ២០១៦ ដល់ខែកញ្ញាឆ្នាំ ២០១៨ បានបម្រើការជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងចាប់ពីខែកញ្ញា ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន បានបម្រើការជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល បច្ចុប្បន្នមានវ័យប្រមាណ ៦៧ឆ្នាំ។ លោកបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងពា ណិជ្ជកម្មពីសាកលវិទ្យាល័យអាមេរិក នៅឆ្នាំ១៩៧៨ និងកម្មវិធីគ្រប់គ្រងជាន់ខ្ពស់ពីសាកលវិទ្យាល័យ Whartonរដ្ឋ Pennsylvania នៅឆ្នាំ១៩៩៧ ហើយបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ​ពីសាកលវិទ្យា Harvard នៅឆ្នាំ១៩៩៩។

លោក ស៊ុន ចាន់ថុល ក៏ធ្លាប់បានបម្រើការងារឱ្យក្រុមហ៊ុន General Electric រយៈពេល ១៦ឆ្នាំ នៅក្នុងមុខតំណែងប្រតិបត្តិជាន់ខ្ពស់ជាច្រើន, ការគ្រប់គ្រងទូទៅ និងហិរញ្ញវត្ថុ (នៅសហរដ្ឋអាមេ រិក បារាំង និងថៃ), សវនករក្រុមហ៊ុន General Electric ហើយក៏ជាអ្នកបង្កើតក្រុមហ៊ុនពាណិជ្ជកម្ម និងវិនិយោគកម្ពុជា នៅឆ្នាំ១៩៩៩ផងដែរ៕