* នៅស្រុកកៀនស្វាយ និងស្រុកស្អាងឈ្មួញកំពុងសំរុកប្រើ គ្រឿងចក្រជីកដីបឹង ដីអតីតឡូត៏នេសាទធ្វើបៀទុកចាប់ត្រី នៅរដូវទឹកសម្រកខាងមុខ.!
(កណ្ដាល)៖ ភូមិសាស្ត្រទឹកដីខេត្តកណ្ដាល ដែលហ៊ុព័ទ្ធភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា ហាក់មានអំណោយផលខ្ពស់ជាងខេត្ត និងតំបន់ដ៏ទៃៗទៀតលើវិស័យដីធ្លី ព្រោះតែបច្ចុប្បន្ន ខណៈដីធ្លីនៅក្នុងភូមិសាស្ត្រ ក្រុងភ្នំពេញកាន់តែមានតំលៃខ្ពស់ ពិបាករកទិញ ក្រុមឈ្មួញដែលមើលឃើញទស្សនវិស័យ ផ្នែកដីធ្លីវែងឆ្ងាយបាននាំគ្ នាងៀកទៅរកទិញដី នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ទុកដើម្បីលក់ងាយយកចំណេញ។
ភូមិសាស្ត្រទឹកដីស្រុកកៀនស្វាយ ស្រុកស្អាង កោះធំ លើកដែក ស្រុកល្វាឯម ខ្សាច់កណ្ដាល ស្រុកមុខកំពូល និងស្រុកពញាឮត្រូវបានគេមើលឃើញថា មានអំណោយផលខ្លាំងជាងគេ សំរាប់ឈ្មួញនិងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចសហការគ្នារកស៊ីទិញលក់ដី ជាពិសេសទិញលក់ ទន្ទ្រានយកដីបឹងសាធារណៈដីអតីតឡូត៏នេសាទ ដីព្រៃលិចទឹកតែម្ដង ព្រោះតែបណ្ដាលភូមិសាស្ត្រស្រុកខាងលើ សំបូរទៅដោយបឹងបួ និងវាលទំនាបព្រៃលិចទឹក ជាងស្រុកផ្សេងៗទៀត។
បច្ចុប្បន្ននៅក្នុងទឹកដីស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកស្អាង ស្រុកកោះធំ ស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាលក្រុមឈ្មួញ និងមន្ត្រីអាជ្ញាធរមួយចំនួន បានឃុបឃិតគ្នាប្រើប្រាស់ គ្រឿងចក្រធ្វើសកម្មភាពជីកទំនប់ លើកប្រឡាយព័ទ្ធយកដីបឹង ដីអតីតឡូត៏នេសាទ និងដីព្រៃលិចទឹកផងដែរយកទៅធ្វើជាដីកម្មសិទ្ធិរបស់បក្ខពួក ក្រុមខ្លួនឬយ៉ាងហោចណាស់ ក៏ធ្វើបៀ(អន្លង់ រណ្ដៅ ប្រឡាយ) ជាកម្មសិទ្ធិឯកជនទុកចាប់យកត្រី នៅរដូវទឹកសំរកផងដែរ។
សកម្មភាពល្មើសច្បាប់របស់ឈ្មួញ និងមន្ត្រីខិលខូចដែលអាងលុយ អាងអំណាចខាងលើនេះ បានធ្វើអោយប៉ះពាល់ដល់ជីវភាព និងមានការថ្នាំងថ្នាក់ពីប្រជាជន យ៉ាងខ្លាំងព្រោះអស់កន្លែងនេសាទ អស់ដីបង្កបង្កើនផល ងៀកទៅកន្លែងណាក៏ជាដីរបស់ឈ្មួញ ដីរបស់មន្ត្រី ដីរបស់អ្នកធំដែរតែបើគេក្រលេកទៅមើល មន្ត្រីអាជ្ញាធរវិញហាក់ដូចជា មានចំណាត់ការតិចទួច ឬធ្វើទាំងទន់ជ្រាយកុំអោយ តែគេមើលទៅថាមិនធ្វើសោះតែប៉ុណ្ណោះ មិនព្រមប្រើកណ្ដាប់ដៃដែក មិនប្រើវិធានការក្ដៅតាមបែបភ្លៀងរលឹម ធ្វើអោយក្រុមឈ្មួញ និងមន្ត្រីខិលខូចកាន់តែបានដៃ ហើយប្រើយុទ្ធសាស្ត្រពេល មន្ត្រីអាជ្ញាធរចុះបង្ក្រាប ក៏នាំគ្នាដកថយផ្អាកសកម្មភាពមួយរយៈ ពេលស្ងាត់ក៏នាំគ្នា ចុះរំលោភបំពានយកទៀត កើតហើយកើតទៀត ប្រៀបដូចអាជ្ញាធរអង្គុយចាំ តែបក់ផ្សែងមិនព្រមប្រើវិធានការ ដងទឹកស្រោចពន្លត់ភ្លើងអោយរលត់តែម្ដង។
ជាក់ស្ដែងប៉ុន្មានថ្ងៃនេះតាមប្រជាពលរដ្ឋ រស់នៅក្នុងឃុំប្រាសាទ ស្រុកស្អាង បានប្រាប់ឲ្យដឹងថាមានគ្រឿងចក្រ ជាច្រើនគ្រឿងកំពុងធ្វើសកម្មភាព ឈូសឆាយដីបឹងនៅតំបន់ដែននេសាទ និងតំបន់អភិរក្សត្រង់ចំណុចបឹងអូប៉ៃ តំបន់អភិរក្សចំនួន ២គ្រឿងជារបស់ឈ្មោះភ្នង ឆេងជាប្រធានសហគមន៍អតីតឡូត៍នេសាទលេខ៥ ។ នៅចំណុចបឹងប្រលិចប្រាសាទ ជាប់ព្រំប្រទល់ស្រុកស្អាង និងស្រុកលើកដែក តំបន់អតីតឡូត៍នេសាទលេខ៦ ដែលបានធ្វើសកម្មភាពយូរណាស់ មកហើយមានគ្រឿងចក្រចំនួន ១គ្រឿងជារបស់ឈ្មោះយូនិងឈ្មោះស្នា។ នៅតំបន់បឹងប្រឡាយលេខ១ ចំនួន២គ្រឿង មិនស្គាល់ឈ្មោះម្ចាស់។ នៅតំបន់បឹងជ្រោយឫស្សីអតីតឡូត៍នេសាទលេខ៤ ចំនួន ៤គ្រឿងទៀត ដែលគេមិនស្គាល់ឈ្មោះម្ចាស់ ។
ចំណែកមន្ត្រីជំនាញជលផល គេឃើញចុះទៅពិនិត្យសកម្មភាព គ្រឿងចក្រអត់ច្បាប់ជាបន្តបន្ទាប់ផងដែរ តែហាក់គ្មានចំណាត់ការអោយបាន មុឺងម៉ាត់សោះឡើយ មានន័យថាចុះទៅយកតែលុយ ពីម្ចាស់គ្រឿងចក្ររួចត្រឡប់ ទៅវិញបាត់អស់ទៅ។ ហេតុនេះហើយបានធ្វើឲ្យសកម្មភាព គ្រឿងចក្រទាំងអស់នោះបន្តដំណើរការជីកប្រឡាយ លើកទំនប់ឬជីកធ្វើបៀទុកចាប់ត្រី បានជាធម្មតា។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រាសាទបានលើកឡើងថា កាលពីខែប្រាំងពួកគាត់ខ្វះខាតទឹកប្រើប្រាស់ បានជួលគ្រឿងចក្រមកជីកអណ្តូង នៅជិតផ្ទះដើម្បីយកទឹកប្រើប្រាស់ ត្រូវបានអស់លោកអាជ្ញាឃុំ ស្រុក មន្ត្រីជលផលនិងសហគមន៍នេសាទ មករារាំងមិនឲ្យជីកនោះទេ ហើយប្រាប់ឲ្យសុំច្បាប់ទៅស្រុក ខេត្ត ទើបអាចជីកបាន ។ ចំណែកពួកគេអាងខ្លួនមានលុយ មានអំណាចឃុបឃិតគ្នាជាប្រព័ន្ធ ដាក់គ្រឿងចក្រជីកគ្មានច្បាប់ ធ្វើសកម្មភាពឈូស ឆាយជីកគាស់ព័ទ្ធយកដីបឹង បែបអនាធិបតេយ្យទាំងថ្ងៃទាំងយប់ ព្រោះតែដឹងថាអាជ្ញាធរថ្នាក់ខេត្តខ្សោយ។
ដោយឡែកប៉ុន្មានថ្ងៃមុនគេ ឃើញក្រុមឈ្មួញនៅក្នុងស្រុកកៀនស្វាយ ឈ្មោះ ហ៊រ ហ៊ុយ បានប្រើគ្រឿងចក្រទៅជីកបំពាន យកដីអាងស្តុកទឹកបឹងធំ ដែលជាអាងទឹកសាធារណៈ សំរាប់ប្រជាពលរដ្ឋស្រោចស្របដំណាំ ពេលប្រជាជនប្ដឹងទើបឃើញ អាជ្ញាធរចុះទៅចាប់ឃាត់យកគ្រឿងចក្របាន ២គ្រឿងទៅទុកនៅសាលាឃុំ សំរោងធំ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ តែគេថាមិនយូរ មិនឆាប់នឹងកើតវិញដដែល។ ព្រោះកន្លងមកគេសង្កេតឃើញបែបនេះ ជាញឹកញាប់គឺក្រោយកើតបទលើ្មស អាជ្ញាធរចុះទៅចាប់យកគ្រឿងចក្រ មកទុកចុះឡើងៗ ឈ្មួញរត់ការរកអន្តរាគមន៏ ឬស៊ិះស៊ុះសូកលុយដោះលែង យកទៅធ្វើសកម្មភាព ល្មើសច្បាប់វិញដដែល។
មតិមួយចំនួនបានលើកឡើងថា បើអាជ្ញាធរស្រុក ខេត្តកណ្ដាលចង់ បង្ក្រាបបទល្មើសទន្ទ្រានយកដីបឹង ដីព្រៃលិចទឹក និងដីសាធារណៈអោយមានប្រសិទ្ធិភាព វាមិនពិបាកនោះទេ ព្រោះបទល្មើសខាងលើវា មិនដូចបទល្មើសចោរលួចលុយ លួចឡានមួយភ្លែតយកទៅបាត់នោះទេ។ ចោរលួចដីវាមិនអាចដឹក សែង លីដីយកទៅបានឡើយ។
ចំណែកគ្រឿងចក្រដែលជាមធ្យោបាយ ចោរកម្មទៅឈូសឆាយលួចដីក៏វាមិនមែន មួយព្រឹកចល័តរត់គេចខ្លួនរួចនោះដែរ គឺត្រូវការរថយន្តដឹករត់ ឬបើករត់ប្រើពេលរាប់ម៉ោង ដូចនេះបទល្មើសលួចដី វានៅបន្សល់ទុកវត្ថុតាង សាក្សីដឹងឮ ឬបន្សល់ទុកដានឈ្មោះជនល្មើសគេចមិនរួចនោះទេ។ ដូច្នេះបើអាជ្ញាធរចាប់គ្រឿងចក្រធ្វើសកម្មភាព ចាប់មនុស្សដែលជាជនល្មើស ឬក៏ស្រាវជ្រាវរកអត្តសញ្ញាណជនល្មើស រួចហើយកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់ អោយជាប់ទោសទណ្ឌតាមច្បាប់ព្រហ្មទណ្ឌ គឺជនល្មើសនឹងរាងចាលលែងហ៊ាន ប្រព្រឹត្តបទល្មើសតទៅទៀតជា មិនខានគេខ្លាចតែអាជ្ញាធរខ្លះ និងចោរលួចដីសាធារណៈប្រៀបដូចខ្លា និងឃ្លេទេ ដែលពិបាកបង្ក្រាបបំផុត៕