(ភ្នំពេញ)៖ សាលាប៊ែលធី អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ច សិក្សាជូន សិស្សានុសិស្ស ចាប់ពី Level 4 ដល់Level 12 សរុប ៥,២៨៨នាក់ នៅទីតាំងប្រវត្តិសាស្រ្តសំខាន់ៗ រួមមាន៖
-សិស្ស Level 4 និងLevel 5 នៅព្រះបរមរាជវាំង
-សិស្ស Level 6 នៅសារមន្ទីរជាតិ
-សិស្ស Level 7 នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
-សិស្ស Level 8 នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
-សិស្ស Level 9 នៅរមណីដ្ឋាន ភ្នំតាម៉ៅ
-សិស្ស Level 10 នៅរមណីដ្ឋាន ភ្នំព្រះរាជទ្រព្យ(ឧដុង្គ)
-សិស្ស Level 11 នៅរមណីដ្ឋាន ភ្នំសន្ទុក
-សិស្ស Level 12 នៅរមណីដ្ឋាន ប្រាសាទសម្បូរព្រៃគុក
លោកលី ប៊ុន ឆៃ អគ្គនាយករងប៊ែលធីគ្រុប ទទួលបន្ទុកសាលាប៊ែលធីអន្តរជាតិ បានឲ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះ ជាផ្នែកមួយនៃកម្មវិធីសិក្សាបន្ថែម របស់សាលាប៊ែលធី អន្តរជាតិ និងមានគោលបំណង ឲ្យសិស្សានុសិស្ស ដែល ជាយុវជនខ្មែរជំនាន់ក្រោយ ចេះស្រឡាញ់ជាតិមាតុភូមិ សាមគ្គីគ្នាជាធ្លុងមួយ នៅគ្រប់កាលៈទេសៈ និងបានស្គាល់ពីប្រវត្តិសាស្ត្រវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿងក្នុងសម័យអង្គរ និងតាមសម័យ កាល នីមួយៗ ព្រមទាំងស្គាល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលបានកើតឡើងចំពោះប្រជាជនកម្ពុជា នៅក្នុង របបប្រល័យពូជសាសន៍ប៉ុលពត ដែលជាយុគសម័យដ៏ខ្មៅងងឹត បានបំផ្លាញប្រទេសជាតិ ស្ទើររលាយ សាបសូន្យនិងសម្លាប់ប្រជាជន អស់រាប់លាននាក់ថែមទៀតផង។
លោកអគ្គនាយករងបានបន្តថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សា តាមកន្លែងនីមួយៗ មកសាលាក៏បានតម្រូវឱ្យ សិស្សានុសិស្ស សរសេររបាយការណ៍ជាភាសាអង់គ្លេស ទុកជាឯកសារក្នុងន័យពង្រឹង ពង្រីកចំណេះដឹងបន្ថែមទៀត ដើម្បីទទួលបាននូវគុណភាពសិក្សារបស់សិស្សឱ្យសមស្របទៅនឹងបាវចនារបស់ខ្លួនគឺ «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌»៕