(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ បានចូលរួមបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០៣ខ្សែទៀត ប្រវែងសរុប ១១៣៦,៥ម៉ែត្រ ស្ថិតក្នុងសង្កាត់ចំនួន៣ គឺសង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់ដង្កោ ដែលប្រជាពលរដ្ឋរាប់រយគ្រួសារ នៅតំបន់នោះអាចធ្វើដំណើរតាមនាពេលខាងមុខ។
លោកអភិបាលខណ្ឌ បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ជាក់ស្តែង ការបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ចំនួន០៣ខ្សែ នាពេលនេះ គឺបានបង្ហាញអំពីការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មី បន្ថែមទៀត ក្នុងមូលដ្ឋានយើង។
តាមរយៈផ្លូវបេតុងថ្មីដែលបើកការដ្ឋានស្ថាបនានាពេលនេះ គឺជាសមិទ្ធផលថ្មីដែលនឹងជួយសម្រួល ដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិត និងកាត់បន្ថយការប៉ះពាល់សុខភាព របស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ និងសូមជួយតាមដាន និងរាយការណ៍អំពី ការស្ថាបនាផ្លូវនេះ ដើម្បីជាប្រយោជន៍របស់បងប្អូន ដែលជាអ្នកប្រើប្រាស់ផ្លូវនេះផ្ទាល់។ លោកអភិបាលក៏បានណែនាំដល់ក្រុមហ៊ុនដែលទទួលស្ថាបនាផ្លូវ សូមអនុវត្តឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងធ្វើឲ្យបានរហ័ស ដើម្បីដាក់ជូនប្រជាពលរដ្ឋបានប្រើប្រាស់។ ផ្លូវចំនួន០៣ខ្សែ ដែលត្រូវបើកការដ្ឋានស្ថាបនាក្នុងពេលនេះ គឺជាផ្លូវបេតុងស្ថិតក្នុងគម្រោងមូលនិធិ
អភិវឌ្ឍសង្កាត់ឆ្នាំ ២០១៦ រួមមាន៖
- សង្កាត់ជើងឯក មានប្រវែង ៣៣៣ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង
- សង្កាត់ព្រែកកំពឹស មានប្រវែង ៣៤៦ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិក្រាំងស្វាយ
- សង្កាត់ដង្កោ មានប្រវែង ៤៥៧,៥ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិខ្វា។