(សាងហៃ)៖ ក្រុមហ៊ុនអាកាសចរណ៍ចិន Hainan Airlines បានចំណាយលុយ ៤៥០លានដុល្លារអាមេរិក ដើម្បីទិញភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ធំលំដាប់ទី៣របស់ប្រេស៊ីល ដើម្បីពង្រីកជើងហោះហើរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅរសៀលថ្ងៃទី០៤ ខែសីហា។
យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Azul បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេបំផុត និងធំលំដាប់ទី៤របស់ចិន Hainan បានយល់ព្រមចំណាយលុយ ៤៥០លានដុល្លារអាមេរិក ដើម្បីទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Azul ចំនួនជិត ២៤ភាគរយ ដែលនាំឲ្យក្រុមហ៊ុន Hainan ក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ Azul។
គួរបញ្ជាក់ផងដែរថា កាលពីខែឧសភាកន្លងទៅនេះ Hainan Airlines បានទិញភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Virgin Australia ចំនួន ១៣ភាគរយ និងបានទិញភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ព័រទុយហ្គាល់ នៅក្នុងខែតែមួយ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនភាគហ៊ុន៕