(ភ្នំពេញ)៖ កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះ មន្ត្រីជំនាញអធិការកិច្ច​នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយមន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ បានចុះពិនិត្យ និងណែនាំដល់អ្នកគ្រប់គ្រង រោងចក្រកាត់ដេរសម្លៀក​បំពាក់ ចំនួន ០៦ នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ដែលពាក់ព័ន្ធ​​នឹង​សមត្ថកិច្ចរបស់ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម ក្នុងនោះរួមមាន៖

១-ច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
២-ច្បាប់ស្តីពីស្តង់ដារកម្ពុជា
៣-ច្បាប់ស្តីពីមាត្រាសាស្រ្តកម្ពុជា

នៅពេលនោះដែរ មន្ត្រីជំនាញបានណែនាំ ដល់អ្នកគ្រប់គ្រងរោងចក្រ​ទាំងអស់ឲ្យត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាពជាប្រចាំ ដើម្បីការពារបាននូវហានិភ័យ ដែលអាចកើតមានក្នុងរោងចក្រ។

ក្នុងការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវាស់នូវកម្រិត​​ឧស្ម័នកាបូនិចក្នុងខ្យល់ សម្លេង និងពន្លឺ ក្នុងរោងចក្រដែលកម្មករ​កំពុងធ្វើការផងដែរ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយឲ្យបានជាអតិបរមា នូវហានិភ័យនានា​ដែលអាចកើតមានឡើង នៅក្នុងរោងចក្រ។

ចំពោះរោងចក្រមួយចំនួន ដែលត្រូវបានរកឃើញថា មិនទាន់គោរពបានត្រឹមត្រូវ ទៅតាមកម្រិតស្តង់ដារកំណត់ ត្រូវបានមន្ត្រីជំនាញ ធ្វើការណែនាំជាកំហិត ឲ្យម្ចាស់ ក៏ដូចជាអ្នកគ្រប់គ្រងរោងចក្រ ត្រូវធ្វើការកែលម្អជាបន្ទាន់​នូវបទដ្ឋានសុវត្ថិភាពឲ្យស្របតាមកម្រិតស្តង់ដារ​កំណត់ ដើម្បីការពារ និងរក្សាឲ្យបាននូវសុខុមាលភាពកម្មករ ដែលកំពុងធ្វើការងារ។

ជាងនេះទៅទៀត មន្ត្រីជំនាញបានណែនាំឲ្យរោងងចក្រនីមួយៗ ត្រូវធ្វើការគ្រប់គ្រងសំណល់ រឹងរាវឲ្យបានត្រឹមត្រូវ ដើម្បីការពារបរិស្ថាន និងសុខភាពរបស់កម្មករ និងអ្នករស់នៅជុំវិញរោងចក្រ ព្រមទាំងដើម្បីការពារឲ្យបានកម្រិតខ្ពស់ កុំឲ្យមានផលប៉ះពាល់ដល់ជីវចម្រុះ ដែលកើតឡើងពីការបញ្ចេញសំណល់ រឹងរាវពីរោងចក្រ។

ក្រៅពីការងារខាងលើ មន្ត្រីជំនាញក៏បានធ្វើការណែនាំ ឲ្យម្ចាស់រោងចក្រលើកតាំងបង្ហាញស្លាកឈ្មោះ របស់រោងចក្រឲ្យបានត្រឹមត្រូវ ហើយចំពោះរោងចក្រណា ដែលមានការខ្វះ​ខាត នូវឯក​សារពាក់ព័ន្ធដល់កិច្ច ដំណើរ​ការរោងចក្រ ដូចជាគ្មានវិញ្ញាបនបត្រអនុញ្ញាត​ ដំណើរការ ឬមានដែរតែផុតសុពលភាព គ្មានប្លង់អាគារ ប្លង់ខ្សែសង្វាក់​ផលិតកម្ម​ត្រឹមត្រូវ គ្មានខិលិតបញ្ជាក់សុវត្ថិភាព គ្រឿងចក្រនានា។ល។ ម្ចាស់រោងចក្រត្រូវមកបំពេញ បែបបទស្នើសុំ​ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីឲ្យស្របទៅ​តាមបទបញ្ញត្តិ នៃច្បាប់។ ជាការឆ្លើយតប គ្រប់រោងចក្រ ដែលបានទទួលការត្រួតពិនិត្យ បានសន្យាអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់មន្ត្រីជំនាញនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

គួរបញ្ជាក់ផងដែរ​ថា សម្រាប់វិស័យឧស្សាហកម្ម ដែលបាន និងកំពុងស្រូបយកទីផ្សារ​ការងារយ៉ាងធំ នៅក្នុងប្រទេសកម្ពុជា ត្រូវការជាចាំបាច់នូវការ​គ្រប់គ្រង និងតាមដានជាប្រចាំ នូវប្រព័ន្ធសុវត្ថិភាព នៅតាមបណ្តារោងចក្រសហគ្រាសនានា ធ្វើយ៉ាងណាធានាឲ្យបាននូវសុវត្ថិភាព ទាំងក្នុងប្រព័ន្ធការងារ និងប្រព័ន្ធផលិតកម្ម។

បើតាមការឲ្យដឹងពីមន្ត្រីជំនាញ នៅស្ទើររៀងរាល់កិច្ចប្រជុំផ្ទៃក្នុងម្តងៗ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម តែងធ្វើការក្រើនរំឭកឲ្យមន្រ្តីជំនាញ ក្រោមឱវាទ ត្រូវចុះជាប់ជាប្រចាំ ក្នុងការត្រួតពិនិត្យនូវបទដ្ឋានសុវត្ថិភាព និងការអនុវត្តច្បាប់នានាទាក់ទង នឹងវិស័យឧស្សាហកម្ម ព្រោះនៅពេលដែលយើងអនុវត្តបាន នូវបទដ្ឋានសុវត្ថិភាពល្អទៅតាមស្តង់ដារ កំណត់ នោះបងប្អូនដែលជាកម្មករ កម្មការីនី ដែលធ្វើការក្នុងរោង នឹងអាចប្រកបការងារ ក្នុងបរិយាកាសមួយ​ដែលមានសុវត្ថិភាព សម្រាប់សុខភាព និងការពារបាននូវផលប៉ះពាល់​ផ្នែកបរិស្ថាន ហើយម្យ៉ាងវិញទៀត ក៏ជាផ្នែកមួយក្នុងការជួយបង្កើនទីផ្សារនាំចេញ ព្រោះថា ក្រៅពីកត្តាគុណភាព កត្តាតម្លៃ អ្នកបញ្ជាទិញមួយចំនួនធំ នៅលើទីផ្សារ​អន្តរជាតិ បានឱ្យតម្លៃខ្ពស់ទៅលើបទដ្ឋាន​សុវត្ថិភាព របស់រោងចក្រដែលជាដៃគូ ផ្គត់ផ្គង់របស់ខ្លួន៕