(តាកែវ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មី របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណដល់វត្តមានរបស់ភ្ញៀវកិត្តិយស និងអង្គពិធីទាំងមូល ជាពិសេសវត្តមាននិវត្តន៍ជន ស្នងការនគរបាលគ្រប់រាជធានី-ខេត្ត ក្រុមគ្រួសារនគរបាលទូទាំងប្រទេស លោកឧកញ៉ា អ្នកឧកញ៉ា ដែលបានចូលរួមបរិច្ចាកថវិកាសរុបប្រមាណជិត៨០ម៉ឺនដុល្លារ ក្នុងការស្ថាបនាសមិទ្ធផលនានា នៅក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា អ្វីដែលបានធ្វើនេះ គឺជាការអនុវត្តតាមនយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺនយោបាយចែករំលែកជួយគ្នាទៅវិញទៅមក ដែលជាសក្ខីភាពមួយគាំទ្រដល់នគរបាលជាតិកម្ពុជា។ នាយឧត្តមសេនីយ៍បន្តថា កន្លែងធ្វើការសមស្របថ្មីស្អាត ការងារក៏ត្រូវតែដើរស្របគ្នា និងពង្រឹងគុណភាពការងារបន្ថែមទៀត ដើម្បីជួយដោះស្រាយ ក៏ដូចជាបម្រើសេវាប្រជាពលរដ្ឋ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ក្នុងនាមកងកម្លាំងត្រូវតែបម្រើការពារសុខសុវត្ថិភាព ផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ពង្រឹងកិច្ចការសន្តិសុខដោយអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ក្នុងនាមមន្ត្រីនគរបាលជាតិ ត្រូវផ្លាស់ប្តូឥរិយាបថ និងបម្រើប្រជាពលរដ្ឋដោយលក្ខណៈទន់ភ្លន់ដឹងសុខទុក្ខប្រជាពលរដ្ឋផ្តល់ការទំនាក់ទំនង និងភាពងាយស្រួលជូនពលរដ្ឋ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល។

ក្នុងនោះក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ត្រូវដាក់ចេញនូវរបបប្រជុំឲ្យបានទៀងទាត់ ដោយក្នុងនោះស្នងការនគរបាលខេត្ត ត្រូវដើរតួនាទីជាសេនាធិកា ជូនគណៈបញ្ជាការឯកភាពខេត្ត និងលើកយករាល់បញ្ហាផ្សេងដែលកើតមានក្នុងមូលដ្ឋានមកដាក់ក្នុងអង្គប្រជុំ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានដាក់ចេញការណែនាំ៤ចំណុច ដើម្បីឲ្យស្នងការនគរបាលខេត្តតាកែវ បន្តដឹកនាំអង្គភាពទទួលបានជោគជ័យ៖

*ទី១៖ សូមឲ្យស្នងការនគរបាលខេត្តតាកែវ ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរ និងកម្លាំងពាក់ព័ន្ធពាក់ព័ន្ធ
*ទី២៖ សូមឲ្យស្នងការនគរបាលខេត្ត ត្រូវពង្រឹងវិន័យ របៀបរបបការងារ ពិសេសនគរបាលចរាចរណ៍អនុវត្តនៅលើដងផ្លូវ ត្រូវពង្រឹងសីលធម៌ និងត្រូវមានគុណធម៌
*ទី៣៖ សូមឲ្យស្នងការនគរបាលខេត្ត ពង្រឹងបន្ថែមដល់មន្ត្រីនគរបាលតាមរយៈការហ្វឹកហាត់ ការរៀនសូត្របណ្តុះបណ្តាលបំប៉នតាមជំនាញបន្ថែមទៀត ដល់មន្ត្រីនគរបាលចរាចរណ៍ អន្តរាគមន៍ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ឲ្យមានគុណភាព និងសមត្ថភាព
*ទី៤៖ សូមឲ្យស្នងការនគរបាលខេត្ត បន្តយកចិត្តទុកដាក់ក្នុងការសរសើរជូនរង្វាន់ដល់មន្ត្រីនគរបាលដែលបានបំពេញតួនាទី និងភារកិច្ចល្អ ទន្ទឹមនោះក៏ត្រូវមានការដាក់ពិន័យផងដែរ ចំពោះមន្ត្រីនគរបាលរូបណា ដែលបានធ្វើខុសវិន័យឲ្យបានធ្ងន់ធ្ងរ ដោយអនុវត្តតាមច្បាប់ឲ្យបានស្មើភាពគ្នាដោយមិនគិតពីសក្កិយស និងឋានៈតួនាទី។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានផ្តល់ថវិកាដល់មន្ត្រីនគរបាលចូលនិវត្តន៍ ចំនួន២២នាក់ ដោយក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕