(ភ្នំពេញ)៖ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការរងពុទ្ធិកសិក្សា ព្រះតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិតនន្ទ ង៉ែត សម្ដេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានមានថេរដីកាជំរុញដល់សិក្សាកាមដែលមកសិក្សា ក្នុងវគ្គបណ្ដុះបណ្ដាលពីក្រុមបណ្ឌិត រយៈពេល៣ថ្ងៃមកនេះ នឹងយកចំណេះដឹងទៅអប់រំសមណសិស-សិស្សនៅតាមមូលដ្ឋានរបស់ខ្លួន ប្រកបដោយគុណភាព និងគុណធម៌ខ្ពស់បំផុត។

ជាមួយគ្នានេះ លោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក៏បានថ្លែងជំរុញលើកទឹកចិត្ត ដល់លោកគ្រូ-អ្នកគ្រូ ឲ្យខិតសាបព្រួសចំណេះដឹងដល់សមណេសិស្ស-សិស្សរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងគុណភាពជាចម្បងផងដែរ។ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង និងលោក សេង សុមុនី បានមានថេរដីកា និងថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតពុទ្ធិកអនុវិទ្យាល័យ និងគ្រូបង្រៀនពុទ្ធិកវិទ្យាល័យ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។

សម្ដេចព្រះពោធិវ័ង្ស មានថេរដីកាសង្ឃឹមយ៉ាងមុតមាំំចំពោះវគ្គនេះ ដែលនឹងប្រគេនផ្ដល់ជូនលោកគ្រូ-អ្នកគ្រូសិក្ខាកាមគ្រប់រូបនូវចំណេះដឹងថ្មីៗ ក្នុងការអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈរបស់ខ្លួន ដើម្បីយកទៅចែករំលែកដល់សមណសិស្ស-សិស្ស ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ពិសេសសិក្ខាកាមគ្រប់រូបត្រូវខិតខំសិក្សាយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីទទួលយកនូវចំណេះដឹង បំណិន និងបទពិសោធន៍ថ្មីៗ ដើម្បីយកទៅអភិវឌ្ឍន៍ពុទ្ធិកសិក្សាស្របតាមបរិកាណ៍ថ្មីៗ នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងខណៈដែលកម្ពុជា រក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ និងការអភិវឌ្ឍប្រកបដោយចិរភាព។

លោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានថ្លែងថា វគ្គនេះពិតជាល្អ និងមានប្រយោជន៍ច្រើនណាស់ ដែលនេះជាកត្រាបណ្ដុះធនធានមនុស្សយើងឲ្យកាន់តែល្អឡើងៗ និងមានកម្រិតកាន់តែច្រើនៗឡើងៗផងដែរ។

ជាមួយគ្នានេះ ព្រះសង្ឃាលង្ការមុនីបណ្ឌិតយ៉ន កុសល្យ ប្រធានពុទ្ធិកមធ្យមសិក្សា បានមានសង្ឃដីកាថា វគ្គនេះបានអញ្ជើញសាស្ដ្រាចារ្យសុទ្ធតែកម្រិតបណ្ឌិត បញ្ញវន្តខ្មែរមកបណ្ដុះបណ្ដាលលោកគ្រូ-អ្នកគ្រូ ដើម្បីយកចំណេះដឹងនេះទៅអប់រំសមណសិស្ស-សិស្សរបស់ខ្លួននៅតាមមូលដ្ឋានរៀងៗ ខ្លួនឲ្យរឹតតែល្អប្រសើរឡើង ប្រកបដោយគុណភាយ៉ាងពិតប្រាក។

ព្រះតេជគុណមានដីកាបន្តថា គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះទៀតសោត គឺឈរលើគុណភាពចំនួន៥គឺ ភាពជាអ្នកដឹកនាំ, វិធីសាស្ត្រប្រែភាសាបាលី, វិធីសាស្ត្របង្រៀនប្រែភាសាសំស្រ្កឹត, ប្រយោជន៍នៃបាលីវេយ្យករណ៍ និងវាក្យក្នុងភាសាបាលី។

សូមជម្រាបថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ គ្រឹះស្ថានពុទ្ធិកមធ្យមសិក្សាបឋមភូមិ មានចំនួន៣៩កន្លែង និងពុទ្ធិកមធ្យមសិក្សាទុតិយភូមិ មានចំនួន១៤កន្លែង ស្ថិតក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន១៨ ដែលកំពុងធ្វើការបណ្ដុះបណ្ដាលសមណសិស្ស-សិស្សទាំង២កម្រិត មានចំនួនសរុប៨,៣៤៦អង្គ/នាក់ ក្នុងនោះពុទ្ធិកមធ្យមសិក្សាបឋមភូមិមានសមណសិស្ស-សិស្ស ចំនួន៦,១៤៩អង្គ/នាក់ និងពុទ្ធិកមធ្យមសិក្សាទុទិយភូមិមានសមណសិស្ស-សិស្ស ចំនួន២,១៩៧ អង្គ/នាក់ ខណៈដែលគ្រឹះស្ថានពុទ្ធិកមធ្យមសិក្សាទាំង២កម្រិតមានគ្រូសរុប ៧៧៣នាក់៕