(ភ្នំពេញ)៖ ក្រុមប្រតិភូនៃកម្មវិធី ផ្លាស់ប្តូរយុវជនអាស៉ីប៉ាស៉ីហ្វិក Asia Pacific Youth Exchange (APYE Cambodia 2023) បានចុះទៅឈ្វេងយល់ពីសិល្បៈ និងវប្បធម៌កម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកម្ពុជា។
បើតាមរយៈសារលើ Facebook របស់Asia Pacific Youth Exchange នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ នៅទីនោះ ពួកគេត្រូវបានទទួលស្វាគមន៍ដោយសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ។
សូមជម្រាបថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានទទួលស្វាគមន៍ប្រតិភូយុវជនចំនួនប្រមាណជា ៩០នាក់នៃកម្មវិធី Asia Pacific Youth Exchange (APYE Cambodia 2023) ដែលបានមកសិក្សាស្វែងយល់ពីវិស័យសិល្បៈវប្បធម៌ និងការសិក្សានៅសាកលវិទ្យាល័យ។
ដំណើរទស្សនកិច្ចសិក្សានេះ ទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកបណ្ឌិត ហេង សុផាឌី និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងមហាវិទ្យាល័យទាំង៥។
ប្រតិភូយុវជនដែលបានធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យនាពេលនេះរៀបចំឡើងដោយអង្គការ ប្រើប្រាស់ទឹកដោយចីរភាព ក្រោមកិច្ចសហការជាមួយស្ថាប័នមួយចំនួនទៀតដូចជា Urban Youth Academy, Hanyan University និង Linc Foundation។
នេះជាលើកទី១ហើយ ដែលកម្មវិធីនេះបានរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «ឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព ៖ យុវជនជាដៃគូក្នុងការស្តារឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩»។
កម្មវិធីនេះ ធ្លាប់បានរៀបចំចំនួន២២លើករួចមកហើយ នៅតាមបណ្តាប្រទេសផ្សេងៗដូចជា ហ្វីលីពីន ថៃ កូរ៉េខាងត្បូង វៀតណាម និងឥណ្ឌា៕